កិច្ចប្រជុំពិភាក្សាអំពីវិធានការរក្សាទឹកស្អាត សម្រាប់ទុកជូនប្រជាពលរដ្ឋប្រេីប្រាស់នារដូវប្រាំងខាងមុខ
ខេត្តកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ខែមករា ឆ្នាំ២០២៤ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវិធានការរក្សាទឹកស្អាត សម្រាប់ទុកជូនប្រជាពលរដ្ឋប្រេីប្រាស់នារដូវប្រាំងខាងមុខ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៍ ដោយសារនាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលអែលនីណូ ដែលបានបណ្តាលឱ្យអាកាសធាតុមានភាពក្តៅខ្លាំងក៏ដូចជាបង្កឱ្យមានតំបន់មួយចំនួនប្រឈម នឹងការខ្វះទឹកស្អាតប្រេីប្រាស់ ដូចនេះ សូមរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទឹកនៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជាបញ្ហាប្រឈមឬក៏តំបន់ដែលខ្វះទឹកស្អាតប្រេីប្រាស់។
បន្ទាប់ពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ ជំនាញបានធ្វេីសេចក្តីរាយការណ៍រួចមក លោកស្រី អភិបាលរងខេត្ត បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតាមមូលដ្ឋានរបស់ខ្លូនឱ្យបានច្បាស់លាស់អំពីតំបន់ដែលប្រឈមនឹងការខ្វះទឹកស្អាតប្រេីប្រាស់ ជាពិសេសមន្ទីរជំនាញ ត្រូវចូលរួមដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕