ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបើកឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅនិងកន្លែង
ពោធិ៍សាត់៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង២១និង៥៨នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូបើកឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០២នាក់ស្លាប់នៅនឹងកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤០–១៤១ ស្ថិតនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ដ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3D-8088 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយម៉ូតូបើកឆ្លងថ្នល់០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់1D-3671 បើកបរដោយបុរសឈ្មោះ ឆូយ ពន្លឺ អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់នឹងកន្លែង)និងអ្នករួមដំណើរ ឈ្មោះ ម៉េន រស្មី អាយុ ៣២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នឹងកន្លែង)បើកបរក្នុងទិសដៅពីត្បូងទៅជើង ចំពោះអ្នកបើកបររថយន្តបង្កហេតុវិញបានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ទោ យូ គឹមថារិទ្ធី អធិការនគរបាលស្រុកក្រគរស្ដីទីបានឲ្យដឹងទៀតថា បន្ទប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿននិងខ្វះការប្រុងប្រយ័ត្ន។
យោងតាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១វេលាម៉ោង០០និង០៩នាទី បានបញ្ជាតាមទូរស័ព្ទឲ្យប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី៕