ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកសំឡូត អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់តាមអំណាចតុលាការ ក្នុងករណីប៉ុនប៉ងឃាតកម្ម

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីន អធិការនគរបាលស្រុកសំឡូត បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៤២៨ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ របស់ប្រធានក្រុមជំនុំជំរះ ឆែ វីរៈ ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ គីម សុខា ភេទប្រុស អាយុ៧២ឆ្នាំ ទីកន្លែងកំណើតភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ពីបទប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕