ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងារខែមិថុនា និងទិសដៅការងារខែបន្ត

ខេត្តកែប៖ នារសៀលថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ សភាពការណ៍ លទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារខែបន្ត ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប និងមានការចូលរួមពីលោក លោកស្រីស្នងការរងទាំងអស់ នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាលក្រុង ស្រុក ក្រុមចម្រុះនគរបាលខេត្តគ្រប់ក្រុម ក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១៣៧នាក់។
អង្គប្រជុំក៏បានស្តាប់របាយការណ៍ប្រចាំខែមិថុនា និងការចូលរួមយោបល់តាមបណ្ដាផែន ការិយាល័យជំនាញ អំពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។

មានប្រសាសន៍បូកសរុបអង្គប្រជុំលោកស្នងការ បានសំដែងក្តីអំណរសាទរអំពីលទ្ធផលដែលសម្រេចបាននិងបានផ្តល់មតិមួយចំនួនជុំវិញ វិធានការណ៍ ពង្រឹងសន្តិសុខសង្គម ស្របនិងសភាពការណ៍បច្ចុប្បន្ន វិធានការណ៍បង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង ការប្រយុទ្ធប្រឆាំងដោះស្រាយបញ្ហាគ្រឿងញៀន ការជំរុញអនុវត្តន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការគ្រប់គ្រងស្ថិតិប្រជាជន ការគ្រប់គ្រងការស្នាក់នៅជនបរទេស និងគ្រប់គ្រងវត្តមានកម្លាំងប្រថ្ងៃ ប្រចាំវេន ការផ្តល់របាយការណ៍ និងការងាររដ្ឋបាលរបស់អង្គភាពនីមួយៗ ដើម្បីធានាសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យបានល្អជាវិជ្ជមានបន្តទៀត។

លោកស្នងការ ក៏បានសង្កត់ធ្ងន់ឱ្យមន្ត្រីដឹកនាំ និងមន្ត្រីជំនាញទាំងអស់ត្រូវខិតខំពង្រឹងវិន័យផ្ទាល់ខ្លួនដើម្បីក្លាយទៅជាមន្ត្រីគំរូ មានរបៀបរបបការងារល្អ ឆ្លើយតបបានសំណូមពរការងារបច្ចុប្បន្ន ៕