ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ អញ្ជើញដឹកនាំប្រតិភូចុះជួបសំណេះណាលសួរសុខទុក្ខដល់ជនរងគ្រោះគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់កងពលតូចថ្មើជើងលេខ៣១

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អមដំណើរឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ <<អញ្ជើញដឹកនាំប្រតិភូចុះជួបសំណេះណាលសួរសុខទុក្ខដល់ជនរងគ្រោះគ្រឿងញៀននៅមជ្ឈមណ្ឌលព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់កងពលតូចថ្មើជើងលេខ៣១សរុបចំនួន ២៩៤នាក់ ស្រី ១០នាក់ស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត>> ដោយមានចូលរួមពី: ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ត លោក លោកស្រី ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី ជំនួយការ នៃសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកនាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

     ថ្លែងក្នុងពិធីជួបសំណេះសំណាលនោះឯកឧត្តម អ៊ូច ភាអភិបាលខេត្តតាកែវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងជាពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនជាយុវជន យុវនារីរងគ្រោះដោយសារគ្រឿងញៀនដែលត្រូវបានឪពុក ម្តាយយកមកដាក់ក្នុងមជ្ឈមណ្ឌមព្យាបាល និងស្តានីតិសម្បទាឡើងវិញ។ ព្រមទាំងបាននាំយកថវិកាឧបត្ថម្ភផ្ទាល់ខ្លួនចំនួន ១០,០០០,០០០៛(ដប់លានរៀល) អង្ករ ៣តោន មីខ្លាឃ្មុំក្រហមចំនួន ១០០កេស ទឹកត្រី ចំនួន ១០០យូរ ទឹកស៊ីអ៊ីវ ចំនួន ១០០យូរ ទឹកផ្លែឈើ ចំនួន៣០កេស ទឹកសុទ្ធ ចំនួន ៥០កេស ពងទាប្រៃចំនួន ៥០០គ្រាប់ ពងទាសាប ចំនួន ៣០០គ្រាប់ និង  ថ្នាំពេទ្យ ចំនួន ១៨មុខ នឹងដោយឡែកឯកឧត្តម ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ត និងសហការីក៏បានឧបត្ថម្ភអង្ករ ចំនួន ៥តោនផងដែរ៕