ព័ត៌មានអន្តរជាតិ

អឺរ៉ុបចង់បង្កើតភាពជាដៃគូក្នុងឧស្សាហកម្មការពារជាតិជាមួយជប៉ុន និងកូរ៉េខាងត្បូង

(តូក្យូ)៖ យោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់ជប៉ុន Nikkei នៅថ្ងៃអាទិត្យ ទី២៣ មិថុនានេះដោយដកស្រង់ការលើកឡើងរបស់មន្ត្រីគណៈកម្មការជាន់ខ្ពស់សហភាពអឺរ៉ុបបានឲ្យដឹងថា សហភាពអឺរ៉ុបបាននិងកំពុងស្វែងរកភាពជាដៃគូក្នុងវិស័យសន្តិសុខ និងការពារជាតិជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយសំដៅទៅរកការអភិវឌ្ឍរួមគ្នាលើបរិក្ខាយោធា។

ផែនការរបស់សហភាពអឺរ៉ុបខាងលើនេះគឺជាកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិលើកដំបូងបង្អស់របស់ប្លុកមួយនេះជាមួយប្រទេសក្នុងតំបន់អាស៊ី ខណៈដែលសង្ឃឹមថានឹងអាចសម្រេចបានកិច្ចព្រមព្រៀងកម្រិតរដ្ឋមន្ត្រីជាមួយប្រទេសជប៉ុននៅចុងឆ្នាំនេះ ដែលវានឹងអាចជួយដល់គម្រោងមូលនិធិដែលស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុន និងអឺរ៉ុប។

សម្រាប់ប្រទេសជប៉ុន បើទោះបីជាមានរដ្ឋធម្មនុញ្ញរបស់ប្រទេសខ្លួនបានហាមឃាត់ក្នុងការធ្វើសង្រ្គាមយ៉ាងណាក្តី ប្រទេសនេះបានអះអាងថា ខ្លួនកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏ធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាអំណាចអាស៊ីមួយនេះបានជំរុញឧស្សាហកម្មការពារជាតិរបស់ខ្លួនដោយពង្រីកសមត្ថភាពយោធាក្នុងកម្រិតដ៏ធំបំផុត ស្របពេលដែលបង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងពីប្រទេសជិតខាងខ្លួនក្នុងតំបន់អាស៊ីរួមមាន ចិន និងកូរ៉េខាងជើងជាដើម។

សូមជម្រាប កាល​ពី​ឆ្នាំ​មុន ទីក្រុងតូក្យូ​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​ក្នុងការ​បង្កើត​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង​ទំនើប​ជាមួយ​នឹង​ចក្រភព​អង់គ្លេស និង​អ៊ីតាលី​ ហើយក្នុងខែមិថុនានេះ ​ប្រទេសនេះបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកលើការជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិឱ្យកាន់តែស៊ីជម្រៅក្រោមវេទិកាសហរដ្ឋអាមេរិក-ជប៉ុនស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ការទិញ និងនិរន្តរភាព (U.S.-Japan Forum on Defense Industrial Cooperation, Acquisition and Sustainment) ដែលត្រូវបានបង្កើតឡើងកាលពីខែមេសាដោយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីអាមេរិកលោក Joe Biden

ការពិភាក្សារវាងជប៉ុន និងអាមេរិក គិតមកទល់ពេលនេះបានផ្តោតសំខាន់លើការកែលម្អកងទ័ពជើងទឹកនៅក្នុងប្រទេសជប៉ុនដែលអាចផ្តល់ចំណតដល់សហរដ្ឋអាមេរិកក្នុងការបង្កើនចំនួននាវាចម្បាំងក្នុងតំបន់អាស៊ី ហើយភាគីទាំងពីរអាចនឹងពង្រីកកិច្ចសហប្រតិបត្តិការដល់ការជួសជុលយន្តហោះ ការផលិតមីស៊ីល និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់យោធាផងដែរ។

គួរកត់សម្គាល់ថា ការវិវត្តនៃវិស័យការពារជាតិរបស់ប្រទេសជប៉ុននៅពេលនេះ ត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលចិនទាំងក្នុងអាស៊ី និងពិភពលោកទាំងមូល៕