ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានទំហំ ២៧៥លានដុល្លារអាមេរិកដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

យោងតាមសេចក្តីប្រកាសមួយដែលចេញផ្សាយនៅថ្ងៃសុក្រ ទី២១ ខែមិថុនានេះបានឲ្យដឹងថា ធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានទំហំ ២៧៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច និងភាពធន់សម្រាប់រយៈពេលវែង។

លោកស្រី Maryam Salim អ្នកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបានមានលើកឡើងក្នុងសេចក្តីប្រកាសខាងលើថា “ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញពីផលប៉ះពាល់នៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងវិបត្តិជាបន្តបន្ទាប់ ពេលនេះកម្ពុជាកំពុងផ្តោតសំខាន់លើការឆ្ពោះទៅរកការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព”

លោកស្រីបានបន្ថែមថា “ប្រតិបត្តិការថ្មីនេះនឹងជួយជំរុញការប្រកួតប្រជែងក្នុងវិស័យឯកជន ពង្រឹងជំហរសារពើពន្ធរបស់រដ្ឋាភិបាល ព្រមទាំងផ្តល់ជំនួយដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះបំផុត”

សេចក្តីប្រកាសខាងលើបានបញ្ជាក់ថា វិបត្តិជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជួបការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២៥ ឆ្នាំ ហើយពេលនេះបានងើបឡើងវិញជាបណ្តើរៗ ទោះបីជាកំណើនមិនទាន់បានត្រឡប់ទៅរកនិន្នាការកាលពីពេលមុនវិបត្តិជំងឺរាតត្បាតក៏ដោយ។

សេចក្តីប្រកាសដដែលនេះបានបន្តថា ស្ថានភាពនេះបានឆ្លុះបញ្ចាំងទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងបញ្ហាប្រឈមនៃរចនាសម្ព័ន្ធសម្រាប់បែបផែននៃកំណើនរបស់ប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះបានបន្ថែមថា បញ្ហាប្រឈមនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជារួមមានកំណើនផលិតភាពខ្សោយ ការបង្កើតមូលធនមនុស្សទាប និងឧបសគ្គចំពោះការបង្កើតអាជីវកម្មឯកជន និងការប្រកួតប្រជែង។

សេចក្តីប្រកាសនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការថ្មីនេះគាំទ្រការកែទម្រង់ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយបន្ថែមថាវានឹងជួយបង្កើតបរិយាកាសដែលក្រុមហ៊ុនអាចចូល ចេញ និងប្រកួតប្រជែងលើទីផ្សារដោយស្មើភាព។

ក្រៅពីនេះ ប្រតិបត្តិការនេះក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះនៅក្នុងព្រឹត្តិការណ៍នៃគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច កែលម្អបទប្បញ្ញត្តិបរិស្ថាន និងជំរុញការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយផងដែរ៕