រដ្ឋបាលរាជធានី-ខេត្ត

ប្រធានក្រុមប្រឹក្សា រួមជាមួយសមាជិកក្រុមប្រឹក្សា ចំនួន ២១ រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកពារាំង អាណត្តិទី៤

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកពារាំង អាណត្តិទី៤ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើនៅសាលាស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន  អភិបាលខេត្ត សូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកលោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកពារាំង ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រាំទ្រផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាស្រុកពារាំង អាណត្តិទី៤នាពេលនេះ ដែលសរុបមានចំនួន២១នាក់ ឲ្យចូលកាន់មុខដំណែងជាក្រុមប្រឹក្សាស្រុក សម្រាប់បន្តដឹកនាំ និងចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍន៍អោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានធ្វើឱ្យស្រុកពារាំង មានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណងរួម ការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន។ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈ គោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិ អំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវា សាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដម អភិបាលខេត្ត បានផ្តាំផ្ញើ ដល់ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាស្រុកពារាំងទាំងអស់ ត្រូវរួមគ្នាសម្រេចបាននូវកិច្ចការ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍ នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សូមបញ្ជាក់ថា៖ លោក ឈុន សារ៉ាត ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុក ពារាំង និងសមាជិកក្រុមប្រឹក្សាចំនួន ២០  រូបសរុបទាំងអស់មានចំនួន ២១ រូប  ស្រ្តី    រូប ផងដែរ ៕