រដ្ឋបាលរាជធានី-ខេត្ត

មន្ទីរបរិស្ថានខេត្ត រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នៃគ្រោះរាំងស្ងួត នៅក្រុងអរិយក្សត្រ

ខេត្តកណ្តាល៖ ឯកឧត្តម ជ្រិន សុខា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នៃគ្រោះរាំងស្ងួត ក្នុងបរិវេណវត្តកែវកុមារនេត្រ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ដោយមានការចូលរួមពីមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងអរិយក្សត្រនិងសិស្សានុសិស្សជាច្រើនរូប។ ថ្លែងក្នុងទិវានេះ ឯកឧត្តម ជ្រិន សុខា បានបញ្ចាក់ថា ក្រសួងបរិស្ថានបានដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តចក្រា (ភាពស្អាត បៃតង និងចីរភាព ) វិស័យបរិស្ថានឆ្នាំ២០២៣២០២៨ ដើម្បីតម្រង់ទិសការងារចីរភាព បរិស្ថាន ឆ្លើយតបការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចយុទ្ធសាស្ត្របញ្ចកោណ ជាប្រទេសមានអព្យាក្រឹត្យ កាបូន មានគម្របព្រៃឈើ៦០% នៅទូទាំងប្រទេសឆ្នាំ២០៥០ដោយក្រសួងបរិស្ថាន ផ្តល់កូន ឈើ ១លាន និង៣០ម៉ឺនដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋទូទាំងប្រទេស យកទៅដាំដោយឥតគិតថ្លៃ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានធ្វើការពន្យល់ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាធ្វើឱ្យបាននូវស្អាតបីយ៉ាង គឺដីស្អាត ទឹកស្អាត និងខ្យល់ស្អាត និងត្រូវចូលរួមអនុវត្តគោលការណ៍ R ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ចាក់ថា Rទី១គឺRefuse មានន័យថា ត្រូវបដិសេធការប្រើប្រាស់ប្លាស្ទិក Rទី២. Reduse ត្រូវរួមគ្នាកាត់បន្ថយការបង្កើតសំណល់ បន្ថយការប្រើប្រាស់សម្ភារវេចខ្ចប់ដែលប៉ះពាល់ដល់បរិស្ថាន សម្ភារមិនងាយពុកផុយរលួយ (ដូចជាប្លាស្ទិក,ថង់ប្លា ស្ទិក,ស្លោ) ដោយត្រូវងាក់មកប្រើប្រាស់សម្ភារវេចខ្ចប់ដែលងាយពុកផុយរលួយ ដូចជា ក្រដាស់ ស្លឹកឈូក ស្លឹកចេក ជាដើម។ Rទី៣. Reuse. មានន័យថា ការប្រើប្រាស់ឡើងវិញដោយគ្រាន់តែលាងសម្អាត ឱ្យស្អាត សម្លាប់មេរោគ ឬជួសជុលឱ្យបានល្អស្អាត ដើម្បីប្រើប្រាស់ឡើងវិញ ឱ្យបានច្រើនដង។ Rទី៤Recycle គឺត្រូវកែច្នៃសំណល់ សំដៅដល់សកម្មភាពទាញយកសំណល់ទាំងនោះ ធ្វើជាវត្ថុធាតុដើមវិញ ដោយគ្រាន់តែធ្វើការញែកបែងចែកទៅតាមប្រភេទសំណល់។ ឯកឧត្តម ប៊ុន ផេង បានមានប្រសាសន៍ថា ការប្រារព្ធទិវានេះឡើងគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខកុមារភាពសាធារណៈ គាំពារបរិស្ថាននិងជីវៈចម្រុះ។ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់លំនៅឋាន សាលារៀន អង្គភាព មន្ទីរពេទ្យ ត្រូវរួមគ្នាដាំដើមឈើឱ្យបានច្រើន និងធ្វើអនាម័យសម្អាតបរិស្ថានឱ្យបានស្អាតជាប្រចាំ។ ត្រូវទុកដាក់សំរាម កាកសំណល់ ឱ្យបានត្រឹមត្រូវដោយបែងចែកទៅតាមប្រភេទ។ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស រោងចក្រសហគ្រាស សិប្បកម្មអាជីវកម្ម សេវាកម្ម អំពីការគ្រប់គ្រងការទុកដាក់សម្រាមសំណល់រឹងឱ្យបានត្រឹមត្រូវ សំដៅរួមគ្នាធ្វើឱ្យបរិស្ថានស្អាត ៕