ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ក្មេងទំនើងមួយក្រុម ករណីហិង្សាប្រេីប្រាស់កាំបិតកាប់លើម៉ូតូ

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣៥នាទី ស្ថិតនៅចំណុចក្រុមទី១៣ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមាន និងធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) មួយកើតឡើង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) មានគ្នាប្រហែល ១១នាក់ ជិះម៉ូតូចំនួន ០៤គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពណ៌ក្រហម ពណ៌ស បានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់មកលើម៉ូតូរបស់ជនរងគ្រោះឈ្មោះ យ៉ាន ផាន់ណាត់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាតម៉ូតូចំនួន ០១គ្រឿង ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AK-4452 ខូចខាត (បែកក្បាលម៉ូតូ បែកកុងទ័រម៉ូតូ បែកស្តុបម៉ូតូខាងមុខ បែកអាវខាងស្តាំ បែកស្តុបម៉ូតូខាងក្រោយ បាត់កាត់តាប៊ូខាងក្រោយនិងបាត់ស្លាកលេខម៉ូតូ) ខណៈពេលដែលជនរងគ្រោះជិះម៉ូតូមកហូបមីនៅផ្ទះមិត្តភក្តិ ហើយទុកម៉ូតូនៅមុខផ្ទះ ។

ក្រោយពេលទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៥នាក់ ៖
១-ឈ្មោះ សុខ សីហា ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (អ្នកបើកម៉ូតូ) ។
២-ឈ្មោះ យួម ស៊ីនីត ភេតប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល (អ្នកបើកម៉ូតូ) ។
៣-ឈ្មោះ ណាង រ៉ាវុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនៈមណ្ឌល (អ្នកបើកម៉ូតូ) ។
៤-ឈ្មោះ ផាន់ ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល (អ្នករួមដំណើរ) ។
៥-ឈ្មោះ ឆេង ចាន់រ័ត្ន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ (អ្នកជិះម៉ូតូមើលភូមិសាស្រ្ត) យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាពួកខ្លួន និងបក្ខពួកមានគ្នាប្រហែល ១១នាក់ ពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំបិតកាប់មកលើម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន ។
វត្ថុតាងដកហូតបាន ៖ កាំបិតផ្លែដែក ដងឈើចំនួន ០១ដើម ។

បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕