ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ស្រវឹងស្រាបានយកកាំបិតចាក់ ទៅលើបុរសម្នាក់ទៀតអោយរងរបួសធ្ងន់ នៅស្រុកសំពៅលូន

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា (យកកាំបិតចាក់) មួយកើតឡើង ទៅលើជនរងគ្រោះឈ្មោះ ប៊ុន វណ្ណនី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ លឿង ឈិន ហៅញ៉ុយ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅស្នាក់ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ដងជ័រ ពណ៌ខ្មៅ មានប្រវែងប្រហែល ០៣តឹក ចាក់ទៅលើជនរងគ្រោះត្រូវចំពោះខាងស្តាំបណ្តាលរងរបួសធ្ងន់ ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅនិងទីតាំងកន្លែងកើតហេតុ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រេីប្រាស់កាំបិតចាក់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ មូលហេតុដោយសារ មកពីជនសង្ស័យស្រវឹងស្រា ។ វត្ថុតាងដកហូតបាន ៖ កាំបិតចុងស្រួចដងជ័រ ពណ៌ខ្មៅចំនួន ០១ដើម ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕