ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកគាស់ក្រឡ និងស្រុកថ្មគោល បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០២នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង០៩ និង៣០នាទី នៅចំណុចភូមិព្រៃផ្ដៅ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿន សុវណ្ណារ៉ា ហៅ ឌុនភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិកាប់ព្រិច ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ។
-ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដាស៊ុបពើគុប ពណ៍ទឹកប៊ិច គ្មានផ្លាកលេខ ។

កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១០ និង០០នាទី នៅចំណុចទី០១ភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងផ្នែកសណ្តាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ គា ផាន់ណៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្រុមទី២០ ភូមិគោកត្រប់ ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។
-ទូរស័ព្ទដៃចំនួន ០១គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក់អិចសង់ទ័រ ពណ៍ខៀវ គ្មានផ្លាកលេខ។

នាពេលនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុក គាស់ក្រឡ និងស្រុក ថ្មគោលកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី ៕