ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកានចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖  ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន៣នាក់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងចំនួន៣នាក់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកបាកានចំនួន៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សុង គឹមសែ ឋានៈអធិការរង បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទុំ ថន ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបាក់ព្រីង ឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក .ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤វេលាម៉ោង១៥និង១០នាទី។ លោកវរសេនីយ៍ឯក នាង វុធ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ស្រី១នាក់

ឈ្មោះ ទុំ ថន អាយុ៤៣ឆ្នាំ ភេទប្រុស រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់

ឈ្មោះ ពៅ អូនរ័ត្ន ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិបាក់ព្រីង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់

ឈ្មោះ មួង ចាន់រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូរបាក្រងកណ្តាល សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នឹងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់ ទម្ងន់៦៨.៦៣ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,កូនថង់រំលែកថ្នាំមួយចំនួនធំ ,ប្រដាប់ជក់២កំប្លេ ,ដែកកេះចំនួន៣ ,អំពូលសំរាប់ជក់ចំនួន៤ ,ទុយយោចូករំលែកថ្នាំចំនួន២ ,ទូរសព្ទដៃចំនួន២គ្រឿង,កន្រ្តៃចំនួន១ ,ប្រអប់ក្រដាសវិចខ្ចប់គ្រឿងញៀនចំនួន១ ,កាបូបក្រណាត់ពណ៌ខ្មៅលាយលឿងចំនួន១ ,លុយដុល្លារចំនួន១០០ ដុល្លារនិងលុយខ្មែរចំនួន២៥០.០០០ រៀល។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទចាត់ការទៅតាមនីតិវិធី៕