ព័ត៌មានអន្តរជាតិ

ចិន​ពិន័យ​អាជីវកម្ម​មួយចំនួន​ចំពោះ​ការ​បដិសេធ​ទូទាត់​ជា​សាច់ប្រាក់

យោងតា​មការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia​ កាលពីថ្ងៃអាទិត្យកន្លងទៅបានឲ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសចិនបានពិន័យក្រុមហ៊ុនអាជីវកម្មធំៗចំនួន ០៧ ដោយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុនអាហារដ៏ពេញនិយម KFC ផងដែរសម្រាប់ការបដិសេធអតិថិជនក្នុងការទូទាត់សាច់ប្រាក់ ដោយធ្វើការការផាកពិន័យគឺមានកម្រិតចាប់ពី ៣,០០០យ័ន ដល់ ៥៥,០០០យ័ន។

ធនាគារកណ្តាលចិនបានបញ្ជាក់ថា វិធានការណ៍ខាងលើនេះ គឺជាការគូសបញ្ជាក់របស់រដ្ឋាភិបាលក្នុងយុទ្ធការរក្សាសាច់ប្រាក់ឲ្យនៅមានចរាចរណ៍ បើទោះបីជាបច្ចុប្បន្នមានការវិវត្តទៅរកការទូទាត់តាមបែបឌីជីថលយ៉ាងណាក្តី។

សូមជម្រាបថា ពេលនេះប្រទេសចិនកំពុងផ្តល់អាទិភាពដល់ការរស់ឡើងវិញនៃវិស័យទេសចរណ៍ និងការទាក់ទាញភ្ញៀវបរទេស ហើយនេះគឺជាកត្តាដែលប្រទេសនេះត្រូវធ្វើឲ្យប្រតិបត្តិការសាច់ប្រាក់មានភាពរលូន ជាពិសេសសម្រាប់លំហូរសក្តានុពលនៃអ្នកធ្វើដំណើរអន្តរជាតិ។

ក្រៅពីការផាកពិន័យខាងលើ ធនាគារកណ្តាលចិនបានលើកទឹកចិត្តឱ្យធនាគារជំរុញការដំឡើងម៉ាស៊ីន ATM និងបង្កើនភ្នាក់ងាររបស់ខ្លួនឲ្យបានច្រើនផងដែរ។

លើសពីនេះ ក៏មានការស្នើឲ្យកែសម្រួលដំណើរការនៃការចុះឈ្មោះរបស់ជនបរទេសសម្រាប់ប្រព័ន្ធទូទាត់ប្រាក់របស់ធនាគារនានាផងដែរ៕