ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិខ្មែរម្នាក់​ និងឥណ្ឌូនេស៊ី​ម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ​​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យ​ទាំង២នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹក ថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បានឱ្យដឹងថា ៖ នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ​២០២៤​ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ​ចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន​ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់​ ១-ឈ្មោះ នីកូ ឡាស់ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់),​ ២-ឈ្មោះ ផល្លី វណ្ណវាសនា ហៅពេជ្រ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នរស់ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ)។ ក្នុងប្រតិបត្តិការនោះកម្លាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន ០១ថង់កិប ទម្ងន់ ៥,៥៤ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ស្វាយរូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន​ ០៥កញ្ចប់ ទម្ងន់ ៣២,៦០ក្រាម,​ កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ (អ៊ិចស្តាស៊ី) ចំនួន ១០កញ្ចប់ ទម្ងន់ ៦៥,៩០ក្រាម,​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង,​ ទូរស័ព្ទ ចំនួន០២គ្រឿង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានបញ្ជាក់ថា៖​ មុនឈានដល់ការបង្រា្កបករណីខាងលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងលើ ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុបានប្រទះនឹងជនសង្ស័យម្នាក់ឈ្មោះ នីកូ ឡាស់ ជនជាតិឥណ្ឌូនេស៊ី ហើយបានធ្វើការឆែកឆេរលើក្នុងខ្លួនរកឃើញគ្រឿងញៀន​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ដើម្បីចាត់ការតាមនីតិវិធី។​ បន្ទាប់មកវេលាម៉ោង២២និង០០នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចមុខខារ៉ាអូខេ៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានបន្តប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ផល្លី វណ្ណវាសនា ហៅ ពេជ្រ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀន​បានមួយចំនួនទៀត។ ក្រោយឃាត់ខ្លួន​ និងសួរនាំ​ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ៕