ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ​ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន

បន្ទាយមានជ័យ ៖ បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូន​ជនសង្ស័យជនជាតិថៃ២នាក់ទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ​បានធ្វើប្រតិបត្តិការបង្រ្កាបគ្រឿងញៀន២ករណីផ្សេងគ្នា​ ឃាត់ខ្លួនជនសង្ស័យ២នាក់​ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ករណីទី១​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ រួមនឹងគ្រឿងញៀនមួយចំនួន,​ ករណីទី២​ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ រួមនឹងគ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖​ ករណីទី១​-វេលាម៉ោង០៤ និង០០នាទី ថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពត៌មានពីសន្តិសុខថាមានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរព្រំដែន ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ពេជ្រ ឃូមដឿន ហៅ បៀ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមនឹងដកហូតវត្ថុតាងរួមមានគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ០២ថង់កិប ស្មើនឹង ៨៩គ្រាប់ ទម្ងន់ ៩,៥៥ក្រាម។ ករណីទី២​-នៅវេលាម៉ោង០២និង០០នាទី ថ្ងៃខែឆ្នាំដ៏ដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានទទួលពត៌មានពីសន្តិសុខថាមានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចមុខក្លឹបMEX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ភ្លាមៗនោះកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ប្រាស៊ីត ឆាំ ណានមឿង ហៅ ហ្វឺស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់)​  ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្ស៉ៅម៉ត់សថ្លា (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ទម្ងន់ ១,០៦ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ០១ថង់កិប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ២,១០ក្រាម។ បន្ទាប់មកកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាងដកហូតបាន នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចាត់ការតាមនីតិវិធី ៕