ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងកម្លាំងរាអាវុធហត្ថចំនួន១១០នាក់ទទួលការហ្វឹកហាត់ជំនាញបង្ការពន្លត់អគ្គីភ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទី កងរាជឣាវុធហត្ថខេត្ត បានឣញ្ជើញជាឣធិបតីភាព ក្នុងពិធីបណ្ដុះបណ្ដាលជំនាញ បង្ការ និងពន្លត់ឣគ្គីភ័យ ដល់កងរាជឣាវុធហត្ថខេត្តបន្ទាយមាន    ជ័យ។ ក្នុងពិធីនោះដែរមានការឣញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សឿ រិទ្ធី​ ឣនុប្រធាននាយកដ្ឋាន នគរបាលបង្ការ ពន្លត់ឣគ្គីភ័យ និងសង្គ្រោះ មកពីឣគ្គស្នងការនគរបាលជាតិ និងគ្រូឧទ្ទេសនាមជាច្រើនរូបទៀត ដែលមានរយ:ពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលមានសក្ខាកាមចូលរួមចំនួន១១០នាក់ ក្នុងនោះសិក្ខាកាមកងរាជឣាវុធហត្ថមកពីខេត្តស្វាយរៀងចំនួន៤០នាក់។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍​ត្រី​ វង្ស​ ធី​ មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តបានសំណេះសំណាលជាមួយសិក្ខាកាមថា៖​ បញ្ហាគ្រោះអគ្គីភ័យគឺជាបញ្ហាដ៏ធំប្រសិនបើកើតមានឡើងនោះ ដូច្នេះដើម្បីឲ្យមានចំណេះជំនាញពិតប្រាកដពេលកើតមានគ្រោះអគ្គីភ័យដើម្បីជួយដល់ជនរងគ្រោះ សូមធ្វើការផ្តាំផ្ញើ​ ណែនាំសិក្ខាកាមទាំង២ខេត្ត​ ដែលចូលរួមវគ្គ​ បណ្ដុះបណ្ដាលជំនាញ​ បង្ការ​ និងពន្លត់អគ្គិភ័យនាពេលនេះ​ ត្រូវខិតខំយកចិត្តទុកដាក់ ស្ដាប់នូវបទឧទ្ទេសនាមរបស់គ្រូ​ ហើយត្រង់ណាមិនយល់ត្រូវហ៊ានសួរ ដើម្បីយកចំណេះជំនាញទាំងនោះទៅអនុវត្តក្នុងកិច្ចការងារជួយសង្គ្រោះប្រជាពលរដ្ឋ​ ក្នុងគ្រោះមហន្តរាយផ្សេងៗ​ ជាពិសេសក៏ដូចជាក្នុងករណីគ្រោះអគ្គីភ័យដែលតែងតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ ៕