រដ្ឋបាលរាជធានី-ខេត្ត

ឆេះភ្នំស្វាយផ្ទុះគ្រាប់យុទ្ធភ័ណ្ឌបន្សល់ទាំងពីសម័យសង្គ្រាម២គ្រាប់ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យ១១គ្រឿងបាញ់ពន្លត់ប្រហែល​២ម៉ោងទើបរលត់

បន្ទាយមានជ័យ​ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះមាន នគរបាល អាវុធហត្ថ យោធា រដ្ឋបាលក្រុង សង្កាត់អូរអំបិល កំពង់ស្វាយ និងស៊ីម៉ាក់ សរុបជាង៧០០នាក់ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងព្រៃរាលឆេះភ្នំស្វាយនៅវេលាម៉ោងប្រមាណជា១រសៀល ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ក្នុងហេតុគាណ៍នេះក៏មានផ្ទុះគ្រាប់យុទ្ធភ័ណ្ឌចំនួន២គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់កងកម្លាំងដែលចុះអន្តរាគមន៍ពន្លត់ភ្លើងនោះឡើយ ។

បើតាមការអះអាងពីប្រជាពលរដ្ឋរស់នៅជិតជើងភ្នំដែលឆេះនោះបាននិយាយថា៖ ដំបូងភ្លើងឆេះលើភ្នំស្វាយប៉ែកខាងកើតសង្ស័យមានអ្នកដុតសំរាមមិនបានពន្លត់ភ្លើងឲ្យបានត្រឹមត្រូវ ដោយរដូវនេះជារដូវក្តៅអាកាសធាតុហួតហែងរុក្ខជាតិលើភ្នំងាប់ក្រៀមដែលងាយនឹងបង្កគ្រោះអគ្គីភ័យនេះកើតឡើង ។

ពេលភ្លើងកំពុងតែឆេះនោះ គេសង្កេតឃើញមានវត្ថមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ និងមេបញ្ជាការទិសទី១បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត កម្លាំងអង្គភាពស៊ីម៉ាក់និងរថយន្តពន្លត់អគីភ័យ១១គ្រឿង មកពីអធិការដ្ឋានទាំង៩ស្រុក/ក្រុង រថយន្តស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងបើកប្រត្តិបត្តការបាញ់ពន្លត់ភ្លើងកំពុងឆេះនោះយ៉ាង សស្រាក់ សស្រាំ ពីម៉ោង១រសៀលរហូតដល់ម៉ោង៤ល្ងាចទើបគ្រប់គ្រងស្ថានការភ្លើងឆេះភ្នំស្វាយនេះបានទាំងស្រុង ក្នុងនោះមានរថយន្តបាញ់ការពារមិនឲ្យរាលដាលឆាបឆេះដល់ផ្ទៈសម្បែងប្រជាពលរដ្ឋរស់នៅជាប់ជើងភ្នំរាប់រយគ្រួសារផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបន្តថា៖ ភ្លើងដែលឆេះភ្នំស្វាយមានរយៈពេលជិត៤ម៉ោងទើបរលត់បានទាំងស្រុងមានកម្លាំងជាង៧០០នាក់និងរថយន្តពន្លត់អគ្គីភ័យ១១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តនិងមកពីតាមបណ្តាក្រុងស្រុកទាំង៩។ ភ្លើងឆេះនេះមិនបង្កឲ្យប៉ៈពាល់ដល់ផ្ទៈសម្បែងប្រជាពលរដ្ឋទេនៅពេលដែលកម្លាំងចុះអន្ត​រាគមន៍ពន្លត់បានទាន់ពេល។

ជាមួយនោះឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងនៅរដូវប្រាំងហួតហែងដែលងាយប្រឈមនឹងឆាបឆេះខ្លាំងណាស់  ៕