ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចស្រុកបវេល ឃាត់ខ្លួនបុរសម្នាក់ករណីហិង្សាប្រេីប្រាស់កាំបិតចាក់បុរសម្នាក់ទៀតអោយរងរបួលធ្ងន់

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩និង៣០នាទី​ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតចិតបន្លែ) មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ប៊ុន រិទ្ធ ហៅធឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតចិតបន្លែដងឈើចាក់ទៅលើជនរងគ្រោះ ឈ្មោះ ប៊ុន រ៉េត ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ត្រូវជាបងបង្កើតជនសង្ស័យ បណ្តាលអោយចំត្រង់ដោះខាងស្តាំ និងពោះខាងឆ្វេង រងរបួសធ្ងន់ ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកបវេល ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុន រិទ្ធ ហៅធឿន ភេទប្រុស អាយុ៥២ឆ្នាំ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបវេល ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាព ប្រេីប្រាស់កាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕