ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលជាតិ ប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៣ នៃទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលជាតិ ប្រារព្ធពិធីអបអរសាទរខួបលើកទី ១១៣ នៃទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលនៅស្នងការដ្ឋាននគរបាលខេត្ត នារសៀលថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានរំលឹកអំពី ពលិកម្ម គុណបំណាច់ ស្នាដៃ ចំពោះសមិទ្ធផល របស់កងកម្លាំងនគរបាលនារី ចូលរួមសម្រេចបានសមិទ្ធផល នាពេលកន្លងមក ចូលរួមចំណែកក្នុងការអនុវត្ត តួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃ ក៏ដូចជាការបំពេញបេសកកម្ម ការពារថែរក្សាបាន សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ ក្នុងភូមិសាស្ត្រខេត្ត ទទួលបានលទ្ធផលជោគជ័យល្អប្រសើរជាបន្តបន្ទាប់

បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដែផ្ដាំ ដល់កងកម្លាំងនគរបាលនារី ត្រូវពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងលើកស្ទួយ វិន័យ សីលធម៌ ខិតខំពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារៀនសូត្របន្ថែម អំពីវិធានការជំនាញ របស់កងកម្លាំងនគរបាលជាតិ រួមផ្សំការសិក្សាស្វែងយល់ការងារបណ្ដាញសង្គម បច្ចេកវិទ្យា ឌីជីថល ស្របតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសម័យកាល នៃប្រទេសជាតិ មានភាពរីកចម្រើនគ្រប់វិស័យ

ឆ្លៀតក្នុងឱកាសនោះ លោកស្នងការ បានប្រគល់វត្ថុអនុស្សាវរីយ៍ ជូនចំពោះមន្ត្រីនគរបាលនារី និងប្រសិទ្ធិពរជ័យ ជូនចំពោះលោកស្រី អ្នកនាង កញ្ញា  សូមជួបប្រទះ តែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន