ព័ត៌មានអន្តរជាតិ

អូស្ត្រាលីប្រកាសលើកកម្ពស់​កម្រិតទំនាក់ទំនង​ជាមួយ​វៀត​ណាម​ទៅជា “ដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”

(ស៊ីដនី)៖ តាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ប្រទេសអូស្រ្តាលីបានសម្រេចលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសវៀតណាមទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”ក្នុងគ្រាដែលប្រទេសលោកខាងលិចកំពុងព្យាយាមជំរុញការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលីបានប្រាប់ទៅកាន់សន្និសីទសារព័ត៌មាននៅទីក្រុងកង់បេរ៉ានៅថ្ងៃព្រហស្បតិ៍នេះថា “ការលើកកម្ពស់ទំនាក់ទំនងរបស់យើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅថ្ងៃនេះ បានធ្វើឲ្យប្រទេសអូស្ត្រាលី និងវៀតណាមក្លាយជាដៃគូសំខាន់របស់គ្នាទៅវិញទៅមក”

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរក្រោយការប្រកាសខាងលើបានលើកឡើងថា ភាពជាដៃគូកម្រិតថ្មីខាងលើនេះ នឹងគាំទ្រដល់ការពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើនដែលរួមមានដូចជា អាកាសធាតុ បរិស្ថាន និងថាមពល ការការពារ និងសន្តិសុខ និងការចូលរួមផ្នែកសេដ្ឋកិច្ច និងការអប់រំ។

សូមជម្រាបថា អូស្ត្រាលីគឺជាប្រទេសដែលផលិតរ៉ែសំខាន់ៗ ដែលប្រើប្រាស់ក្នុងរបស់របរជាច្រើនរាប់ចាប់ពីស្មាតហ្វូន រហូតដល់រថយន្ត ខណៈដែលវៀតណាមគឺជាប្រទេសដែលមានធនធានប្រភេទនេះដែលមិនទាន់ប្រើប្រាស់ច្រើនជាងគេបំផុតមួយនៅក្នុងពិភពលោក។

គួរកត់សម្គាល់ថា ការប្រើប្រាស់ “ការទូតដើមឫស្សី” របស់ប្រទេសវៀតណាមបាននាំឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះជំរុញទំនាក់ទំនងជាមួយមហាអំណាចកំពូលរបស់ពិភពលោកជាច្រើនកាលពីឆ្នាំមុនក្នុងគ្រាដែលប្រទេសនេះព្យាយាមសម្របខ្លួនក្នុងភាពតានតឹងលើពិភពលោកដែលកំពុងកើនឡើង។

ក្រៅពីអូស្ត្រាលី ប្រទេសនេះបានក្លាយជាដៃគូសំខាន់របស់មហាអំណាចដទៃទៀតក្នុងពិភពលោកផងដែរដោយក្នុងនោះរួមមានសហរដ្ឋអាមេរិក ចិន ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន និងរុស្ស៊ី៕