រដ្ឋបាលរាជធានី-ខេត្ត

សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២-២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣-២០២៤

ខេត្តព្រៃវែង៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានរៀបចំសន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២២២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត នៅថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តព្រៃវែង បានលើកឡើងថា សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២២០២៣  និងទិសដៅ ការងារឆ្នាំសិក្សា២០២៣២០២៤ និងផ្តល់កាលានុវត្តភាពសម្រាប់មន្ទីរអប់រំ យុវជននិងកីឡា បុគ្គលិកអប់រំថ្នាក់ ក្រុង/ស្រុកសាលារៀន មន្ទីរពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាពីការបំពេញការងារ កំណត់ពីបញ្ហាប្រឈម និងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន។ សន្និបាតអប់រំផ្តល់ជាធាតុចូលសម្រាប់កែលម្អ ផែនការយុទ្ធសាស្រ្តវិស័យអប់រំដើម្បីបង្កើនប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ នៃយន្តការពិនិត្យតាមដាន និងវាយតម្លៃ របស់ប្រព័ន្ធអប់រំ ក៏ដូចជាបង្កើនប្រសិទ្ធភាព នៃលទ្ធផលរបស់សន្និបាត។ លោក ប្រធានមន្ទីរ បន្តរថា លទ្ធផលសម្រេចបាន ក្នុងឆ្នាំសិក្សា២០២២២០២៣ ត្រូវបានផ្តោតជាសំខាន់ លើសកម្មភាព និងចំណុចដៅដែលបានលើកឡើង កាលពីសន្និបាតឆ្នាំកន្លងទៅ  និងស្របតាមយុទ្ធសាស្រ្ត និង សូចនាករបានកំណត់នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០១៩២០២៣ ឆ្លើយតបនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ដោយរំពឹងថាពេលសិស្សបានបញ្ចប់ភូមិសិក្សា ពួកគេនឹងមានចំណេះដឹង ស្របតាមស្ដង់ដាមួយ ព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារការងារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត បានមានប្រសាសន៍ថា សន្និបាតបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២២២០២៣ និង លើកទិសដៅការងារឆ្នាំសិក្សា២០២៣២០២៤ ដែលបានប្រារព្ធឡើងនាពេលនេះ ក្នុងគោលបំណង៖ ជាវេទិកា ពិគ្រោះយោបល់លើការរៀបចំ និងអនុវត្តគោលនយោបាយនៅថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធ ពិនិត្យវឌ្ឍនភាពនៃការអនុវត្ដអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ពិនិត្យវឌ្ឍនភាពនៃការអនុវត្តទិសដៅសន្និបាតអប់រំ នាឆ្នាំកន្លងមកនិងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ ព្រមទាំងកំណត់នូវបញ្ហាប្រឈម នានាដែលជាឧបសគ្គ និងផ្តល់អនុសាសន៍សំខាន់ៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការយុទ្ធសាស្ត្រថវិកា រយៈពេល មធ្យមឆ្នាំ២០២៥២០២៧ និងផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៥។ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះ ទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ នៅក្នុងកិច្ចប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះ ៤ចំណុចដល់ក្រសួងអប់រំយុវជន និងកីឡាសម្រាប់អនុវត្តក្នុងគោលដៅ ពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖

ទី១.ការពង្រឹងអភិបាល កិច្ចសាលារៀន

ទី២.ការពិនិត្យ កែសម្រួលកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌និងឥរិយាបថរបស់សិស្ស

ទី៣.ការយកចិត្តទុកដាក់លើសុខភាពរបស់ សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤.ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាម ពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ ទី១ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធាន គន្លឹះទាំង៤ ទៅក្នុងស្តង់ដាសាលារៀនគំរូ និងរៀបចំសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ ២០២៣២០២៨ ចំនួន ៤ចំណុចបន្ថែមទៀត រួមមាន៖ ទី១.ការអប់រំឌីជីថល ទី២.ការបង្កើតមជ្ឈមណ្ឌលឧត្តម ភាពនៅគ្រឹះស្ថានឧត្តមសិក្សា ទី៣.ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៤.ការអភិវឌ្ឍការអប់រំកាយនិងកីឡា។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ដង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្ដេចមហាបវរធិបតី» សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដាសាលារៀនគំរូ ចាប់ពីឆ្នាំ សិក្សា២០២៣២០២៤តទៅ ៕