ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលចិនមានក្តីព្រួយបារម្ភជាខ្លាំងលើវិស័យសេដ្ឋកិច្ច និងភាពគ្មានការងារធ្វើរបស់យុវជន ខណៈ​ដែលកិច្ច​ប្រជុំ​គោលនយោបាយ​ប្រចាំ​ឆ្នាំនឹងប្រព្រឹត្តិទៅពេញមួយសប្តាហ៍នេះ

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី០៤ មីនា ឆ្នាំ២០២៤នេះ សន្និបាតគោលនយោបាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនត្រូវបានចាប់ផ្តើមប្រារព្ធនៅទីក្រុងប៉េកាំងដោយក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា បញ្ហាសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងភាពអត់ការងារធ្វើរបស់យុវជនគឺជា “ក្តីបារម្ភយ៉ាងខ្លាំង” ក្នុងការរៀបចំផែនការសម្រាប់ឆ្នាំខាងនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP

សន្និបាតដ៏សំខាន់ប្រចាំឆ្នាំខាងលើចាប់ផ្តើមនៅម៉ោង ០៣រសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ជាមួយនឹងពិធីបើកសន្និសីទក្រុមប្រឹក្សានយោបាយប្រជាជនចិន (Chinese People’s Political Consultative Conference) ដែលមានការចូលរួមដោយប្រធានាធិបតីចិនលោក Xi Jinping និងសមាជិកកំពូលៗផ្សេងទៀតក្នុងបក្សកុម្មុយនីស្តចិន ហើយសន្និបាតនេះនឹងបន្តរហូតដល់ថ្ងៃអាទិត្យទី១០ ខែមីនា។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យ CPPCC លោក Liu Jieyi បាននិយាយថា ប្រធានបទស្តីពីសេដ្ឋកិច្ច និងភាពមានការងាររបស់យុវជន ជាពិសេសនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្មីៗ គឺជាក្តីបារម្ភដ៏ខ្លាំងបំផុតសម្រាប់ដែលរដ្ឋាភិបាលកំពុងមានក្តីព្រួយបារម្ភ ដោយលោកបានបញ្ជាក់ថា អត្រាផ្លូវការនៃភាពអត់ការងារធ្វើរបស់យុវជនមានប្រហែល ១៥ភាគរយគិតត្រឹមចុងឆ្នាំ ២០២៣។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ នឹងមិនធ្វើការពិភាក្សាលើកញ្ចប់ថវិកាសង្គ្រោះធំៗដែលអ្នកជំនាញនិយាយថាជាសេចក្តីត្រូវការដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេសចិនដែលកាលពីឆ្នាំមុនបានជួបកំណើនទាបបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះនោះទេ។

ទោះជាយ៉ាងណាក្តី ក្នុងការលើកឡើងនៅថ្ងៃចន្ទនេះ លោក Louបានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមថា មេដឹកនាំទីក្រុងប៉េកាំងមានទំនុកចិត្តខ្ពស់ថា សេដ្ឋកិច្ចនឹងងើបឡើងវិញ ដោយលោកបានចង្អុលបង្ហាញថា ប្រទេសចិនមានលក្ខខណ្ឌអំណោយផលជាជាងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ហើយ​និន្នាការ​មូលដ្ឋាន​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​កំណើន​រយៈពេល​វែង​នៅ​តែ​មិន​មាន​ការ​ប្រែប្រួល​នោះ​ទេ​​។

សូមជម្រាបថា ក្រៅពីបញ្ហាសេដ្ឋកិច្ច និងភាពមានការងារធ្វើរបស់យុវជន រដ្ឋាភិបាលចិនក៏គ្រោងនឹងបង្កើនទ្វេដងលើវិស័យសន្តិសុខជាតិផងដែរ ដោយក្រុមអ្នកវិភាគរំពឹងថា ប្រទេសនេះនឹងបង្កើនថវិកាយោធារបស់ខ្លួនបន្ថែមទៀត ដោយឈរនៅចំណាត់ថ្នាក់ទីពីរលើពិភពលោក តាមពីក្រោយសហរដ្ឋអាមេរិក៕