ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រត្រូវភ្លើងឆេះផ្ទះ ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៣៥សន្លឹក ស៊ីម៉ង់ត៍០៤បេ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ ត្រីខ០១យួរ មី០១កេះ មុង០១ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅឧបត្ថម្ភដល់អ៊ំស្រី ឈ្មោះ វ៉ា ផាន អាយុ៦៣ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ រស់នៅតែម្នាក់ឯង ដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុងនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍សំណេះសំណាល នាពេលនេះ ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ សម្តេចធិបតី និងលោកជំទាវ ចំពោះអ៊ំស្រីដែលបាត់បង់ផ្ទះសម្បែងអស់ទាំងស្រុងត្រឹមមួយប៉ព្រិចភ្នែក ។ លោក មេបញ្ជាការ បានណែនាំដល់អ៊ំស្រីទៅថ្ងៃខាងមុខត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង ។

មុននឹងបញ្ចប់ លោក មេបញ្ជាការ បានណែនាំដល់អាជ្ញាធរភូមិឃុំឲ្យជួយសាងសង់ផ្ទះជូនអ៊ំស្រីឡើងវិញ ប្រសិនបើមានការខ្វះខាតស័ង្កសី ឯកឧត្តម និងឧបត្ថម្ភបន្ថែមទៀត ៕