ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ត្រូវបានប្រកាសចូលកាន់តំណែង​និងបំពាក់ឋានន្តរសក្តិ ​

បន្ទាយមា​នជ័យ ៖ នៅព្រឹក ថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិលោក​អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ត្រូវបានតម្លើងឋានន្តរសក្តិជា វរសេនីយ៍ត្រី និងតែងតាំងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ជំនួសលោក​វរសេនីយ៍ទោ យ៉ាន់​ សុវណ្ណ​ ដែលត្រូវបានទទួលភារកិច្ចថ្មី​ ជាប្រធានមន្ទីរភស្ភុភា​រនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក​ ជាម​ សុខ​ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ  លោក​ ស្រេង​ សុផ​ល​ អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្ត និងអាជ្ញាធរមូលដ្ឋាន​ កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផងដែរ ពិធីនេះប្រារព្ធធ្វើឡើង​នៅបញ្ជាការមូលដ្ឋាន​ក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់ពីទទួលសេចក្ដីសម្រេច​ និងលិខិតតែងតាំងផ្ទេរភារកិច្ច លោក​វរសេនីយ៍ត្រី​ សុខ​ ឡេង​ ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា,​គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ជូន,​ ប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់​,​ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព​​​​​ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុតក្នុងការរួមចំណែកកសាងអង្គភាពឱ្យបានរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះ​ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ដោយក្តីនឹករលឹក។

ជាមួយគ្នានោះ​លោកឧត្តមសេនីយ៍ត្រី​ បានដាក់ចេញនូវបទបញ្ជា​ ដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩​ ក្រុង-ស្រុក​ បន្តចូលរួមចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ​ឱ្យបានល្អ​ និងស្រាវជ្រាវ បង្ក្រាបរាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយសង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។

លោក​ឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ក៏បានសង្កត់ធ្ងន់ៗដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ​ទាំងអស់ ត្រូវតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋានានុក្រមការងារ គោរពលក្ខន្តិកៈ បទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ ៕