ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន… 

បន្ទាយមានជ័យ ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃអង្គារ ៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី ​ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

លោក​វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១និង០០នាទី រំលងអាធ្រាត្រ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ​ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣៣ឆ្នាំ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ។

លោកមេបញ្ជាការបានបន្តថា ៖ ជាមួយនឹងការចុះបង្រ្កាបនេះគឺចាប់យកសម្ភារៈវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម ,​ គ្រាប់ថ្នាំចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២គ្រាប់ ទម្ងន់៤,៣៥ក្រាម,​ កញ្ចប់ម្ស៉ៅចម្រុះពណ៌ (ប្រភេទថ្នាំសប្បាយលាយទឹក) ចំនួន០៦កញ្ចប់ ទម្ងន់៣២,៥១ក្រាម,​ ស្ករគ្រាប់បៀមចំនួន០៣កញ្ចប់ ស្មើនឹង០៣គ្រាប់,​ ទូរស័ព្ទដៃចំ​នួន០២គ្រឿង,​ ខ្សែដៃលោហធាតុពណ៌លឿងចំនួន០១ខ្សែ ប្រវែង១៨ស.ម,​ ចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន ០១វង់,​ សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល,​ កាបូបស្ពាយពណ៌ខ្មៅចំនួន០១,កូនកាំបិតបត់ពណ៌ខ្មៅចំនួន០១ដើម ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា ៖​ មុនឈានដល់ការបង្រា្កប​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលបានព័ត៌មានពីសន្តិសុខយាមម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។  កម្លាំងកងរាជអាវុធហត្ថបានចុះទៅដល់កន្លែងស្នាក់នៅបន្ទប់ជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន​ និងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន​  ៕