ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាស​ថា​នឹង​បញ្ចប់កិច្ចព្រមព្រៀងឆ្លងកាត់​ព្រំដែនដោយ​សេរី​ពីប្រទេសមីយ៉ាន់ម៉ា

(ញូវដេលី)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបាននិយាយថា លោកបានផ្តល់អនុសាសន៍ឱ្យផ្អាកជាបន្ទាន់នូវកិច្ចព្រមព្រៀងឆ្លងព្រំដែនដោយសេរីជាមួយមីយ៉ាន់ម៉ា ដោយសារមានមនុស្សរាប់ពាន់នាក់បាននាំគ្នាភៀសខ្លួនចូលក្នុងទឹកដីឥណ្ឌាចាប់តាំងពីមានការប្រយុទ្ធគ្នារវាងកម្លាំងរបបយោធា និងសម្ព័ន្ធក្រុមប្រដាប់អាវុធក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣មក។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មានបារាំង AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងសេចក្តីប្រកាសខាងលើ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានលើកឡើងថា ក្រសួងការបរទេសឥណ្ឌាកំពុងស្ថិតក្នុងដំណើរការក្នុងការលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ្នកដែលរស់នៅតាមតំបន់ព្រំដែនអាចឆ្លងចូលទឹកដីប្រទេសទាំងសងខាងដោយគ្មានទិដ្ឋាការ។

គួរឲ្យដឹងថា ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរនេះ ភាគច្រើនមានការចែករំលែកទំនាក់ទំនងវប្បធម៌ និងសាសនារវាងគ្នាយ៉ាងជិតស្និទ្ធ។

ជុំវិញការប្រកាសខាងលើ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា វាមានភាពចាំបាច់ក្នុងការធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៃតំបន់ជាប់ព្រំដែនជាមួយមីយ៉ាន់ម៉ា។

គួរឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាដែលនៅជិតព្រំដែនជាមួយឥណ្ឌា បានជួបការប៉ះទង្គិចគ្នាជាញឹកញាប់ចាប់តាំងពីក្រុមយុទ្ធជន Arakan Army (AA) បានវាយប្រហារកងកម្លាំងសន្តិសុខរបបយោធាកាលពីខែវិច្ឆិកា ហើយមានទាហាន និងជនស៊ីវិលមីយ៉ាន់ម៉ារាប់ពាន់នាក់បានរត់ឆ្លងចូលទៅក្នុងប្រទេសឥណ្ឌា។

ទន្ទឹមគ្នានេះ ប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាងមីយ៉ាន់ម៉ា និងដែលបានចេញវិធានការណ៍ទប់ស្កាត់ការរត់ឆ្លងព្រំដែននៅក្នុងសប្តាហ៍នេះផងដែរនោះ  ក៏បានរងការវាយប្រហារដោយគ្រាប់ផ្លោងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ០២នាក់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះដែរ។

កាលពីខែមុន លោក Shah ធ្លាប់បានលើកឡើងថា ប្រទេសឥណ្ឌាគ្រោងនឹងសាងសង់របងប្រវែង ១,៦៤៣គីឡូម៉ែត្រនៅតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ាផងដែរ ហើយ​កាលពី​ថ្ងៃ​អង្គារសប្តាហ៍នេះ លោក​បាន​គូសបញ្ជាក់ជាថ្មី​ថា “​រដ្ឋាភិបាលលោក ​ម៉ូឌី ​ប្តេជ្ញា​ថានឹងសាងសង់​ព្រំដែន​ដែល​មិនអាចឆ្លង​ចូល​បានជាមួយមីយ៉ាន់ម៉ា​”

­យោងតាមស្ថិតិរបស់រដ្ឋាភិបាលពីឆ្នាំ ២០២១ ឥណ្ឌាបានសាងសងរបងជាង ២,០០០គីឡូម៉ែត្រនៅតាមព្រំដែនជាមួយប៉ាគីស្ថាន និងយ៉ាងហោចណាស់ ៣,១០០គីឡូម៉ែត្រជាមួយប្រទេសបង់ក្លាដែស៕