ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុនសិង្ហបុរី Singtel ចាប់ដៃគូជាមួយក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក ក្នុងការជំរុញមជ្ឈមណ្ឌលទិន្នន័យ AI ក្នុងតំបន់អាស៊ាន

(សិង្ហបុរី)៖ នៅថ្ងៃពុធសប្តាហ៍នេះ ក្រុមហ៊ុនទូរគមនាគមន៍សិង្ហបុរី Singtel បានប្រកាសពីការចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Nvidia របស់សហរដ្ឋអាមេរិក ក្នុងការរៀបចំក្នុងមជ្ឈមណ្ឌលទិន្នន័យដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលតម្រូវការទិន្នន័យនៅក្នុងតំបន់នេះមានការកើនឡើងក្នុងបរិបទនៃការជំរុញសេដ្ឋកិច្ចបែបឌីជីថលដែលកំពុងមានការរីកចម្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkie Asia នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

ក្នុងគម្រោងនេះ ក្រុមហ៊ុន Singtel នឹងផ្តល់សិទ្ធិដល់ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបក្នុងការចូលទៅដំណើរការអង្គក្រាហ្វិក (graphics processor) តាមរយៈមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ខ្លួនជាដំណាក់កាល ដែលនេះនឹងអនុញ្ញាតឱ្យអតិថិជនអាចយកបច្ចេកវិទ្យា AI សម្រាប់ទៅប្រើប្រាស់ក្នុងសេវាកម្មឌីជីថលរបស់ខ្លួនដោយមិនចាំបាច់ធ្វើជាម្ចាស់ផ្ទាល់ ឬធ្វើការថែទាំដំណើរការដែលទាមទារឲ្យមានការចំណាយខ្ពស់នោះទេ។

ការចាប់ដៃគ្នាជាមួយក្រុមហ៊ុនបន្ទះឈីប Nvidia ដែលមានសារៈសំខាន់ក្នុងការដោះស្រាយបន្ទុកការងារធ្ងន់ខាងលើនេះ បានមើលឃើញការកើនឡើងនៃតម្រូវការ ស្របពេលដែលតម្លៃមានការកើនឡើងខណៈដែលមានកង្វះខាតនៃបច្ចេកវិទ្យានេះក្នុងទីផ្សារពិភពលោក។

សូមជម្រាបថា ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីស្ថិតក្នុងចំណោមប្រទេសក្នុងតំបន់ដែលកំពុងបង្កើនការសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI បើទោះបីជាគម្រោងទាំងនោះស្ថិតនៅដំណាក់កាលចាប់ផ្តើមនៅឡើយ។

ការប្រកាសខាងលើនេះ គឺជាផ្នែកមួយនៃការចាប់ផ្តើមគម្រោងមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ក្រុមហ៊ុន Singtel ដែលមានឈ្មោះថា Nxera

ជាមួយគ្នានេះ ក្រុមហ៊ុនទូរគមនាគមន៍ខាងលើក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនដូចជា Gulf Energy Development របស់ប្រទេសថៃ ក្រុមហ៊ុន Medco Power របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុន TNB Renewables របស់ប្រទេសម៉ាឡេស៊ីផងដែរ ដើម្បីទាញយកថាមពលកកើតឡើងវិញ ដោយផ្តោតលើការបំភាយសារក្នុងកម្រិតសូន្យសម្រាប់ឧបករណ៍ប្រើប្រាស់ថាមពលរបស់ខ្លួននៅត្រឹមឆ្នាំ ២០២៨។

ក្រុមហ៊ុន Singtel ដែលភាគច្រើនគ្រប់គ្រងដោយវិនិយោគិនរដ្ឋរបស់សិង្ហបុរី Temasek Holdingsកំពុងកំណត់គោលដៅអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជាសសរស្តម្ភបន្ទាប់នៃកំណើនរបស់ខ្លួន ដោយក្រុមហ៊ុននេះមើលឃើញតម្រូវការជាពិសេសពីអាស៊ីអាគ្នេយ៍ ដែលស្ថិតក្នុងចំណោមទីផ្សារដែលមានកំណើនលឿនបំផុត ដោយសារការកើនឡើងនៃចំនួនប្រជាជននៅក្នុងតំបន់នេះ។

នៅត្រឹមឆ្នាំ ២០៣០ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  ត្រូវបានគេព្យាករណ៍ថានឹងលើកកំពស់ផលិតផលក្នុងស្រុកសរុប (GDP) របស់តំបន់អាស៊ីអាគ្នេយ៍ចន្លោះពី ១០ ទៅ ១៨ភាគរយ ឬកើនឡើងប្រហែល ១ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់របស់សហរដ្ឋអាមេរិក Kearney

ថ្លែងនៅក្នុងព្រឹត្តិការណ៍សម្ពោធភាពជាដៃគូខាងលើ នាយកប្រតិបត្តិនៃផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ ក្រុមហ៊ុន Singtel Digital InfraCo លោក Bill Chang បាននិយាយថា មជ្ឈមណ្ឌលទិន្នន័យគឺជាបេះដូងនៃសេដ្ឋកិច្ចឌីជីថល។

លោកបានកត់សម្គាល់ថា ទោះបីជាមានការរីកចម្រើននៃគ្រឿងបរិក្ខារក៏ដោយ វាមានសមត្ថភាពតិចតួចណាស់ក្នុងការគ្រប់គ្រងបន្ទុកការងារនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)  ប្រកបដោយប្រសិទ្ធភាព ដោយសារពួកវាត្រូវការដង់ស៊ីតេថាមពលខ្ពស់ និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដែលល្អប្រសើរជាងមុន។

លោកបានបន្តថា “យើងបានឃើញពីទំនោរនៃរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់មជ្ឈមណ្ឌលទិន្នន័យជំនាន់ថ្មីដែលដំណើរការរួចជាស្រេចដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ហើយកំពុងជំរុញសមត្ថភាពរបស់យើងក្នុងការគាំទ្រដល់ការសម្របខ្លួនយ៉ាងឆាប់រហ័សតាមបច្ចេកវិទ្យាដែលកំពុងកើតមានឡើងនៅជុំវិញពិភពលោកមួយនេះ

ជាមួយផែនការក្នុងការដាក់ដំណើរការនៅឆ្នាំ ២០២៥ ក្រុមហ៊ុន Singtel កំពុងសាងសង់ទីតាំង​ថ្មីមួយដែលមានសមត្ថភាពប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យក្នុងកម្រិត ៥៨មេហ្គាវ៉ាត់ ដែលជាសមត្ថភាពដ៏ធំបំផុតនៅក្នុងប្រទេសមួយនេះ ហើយដែលនឹងបំពាក់ដោយប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពសម្រាប់គ្រប់គ្រងបន្ទុកការងារដែលពឹងផ្អែកខ្លាំងលើដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ដោយឡែក នៅក្នុងផ្នែកផ្សេងទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Singtel បានចាប់ផ្តើមគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ និងនៅលើកោះ Batam របស់ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសសិង្ហបុរី ដោយគម្រោង​ថ្មី​នេះ​នឹង​បង្កើន​សមត្ថភាព​ដំណើរការ​សរុបរហូត​ដល់ ២០០មេហ្គាវ៉ាត់​ពីកម្រិត ៦២មេហ្គាវ៉ាត់​ក្នុង​ប្រទេស​សិង្ហបុរីនាពេល​បច្ចុប្បន្ន។

ជាមួយគ្នានេះ ក្រុមហ៊ុន Singtel ក៏កំពុងពិចារណាលើគម្រោងក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម ខណៈពេលដែលកំពុងពង្រីកទៅកាន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតផងដែរ។ លើសពីនេះ លោក Chang បាននិយាយថា ក្រុមហ៊ុនលោកបាននិងកំពុងសម្លឹងមើលការចូលទៅក្នុងប្រទេសជប៉ុននាពេលអនាគតថែមទៀត។

គួរជម្រាបថា កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុនភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក KKR បានប្រកាសថាខ្លួននឹងទិញភាគហ៊ុន ២០ភាគរយនៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ក្រុមហ៊ុន Singtel ក្នុងតម្លៃ ១.១ពាន់លានដុល្លារសិង្ហបុរី ឫស្មើនឹង ៨២០លានដុល្លារអាមេរិក ដោយកិច្ចព្រមព្រៀងនេះនាំឲ្យតម្លៃសហគ្រាសនៃអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យក្នុងតំបន់របស់ Singtel កើនឡើងដល់ ៥.៥ពាន់លានដុល្លារសិង្ហបុរី ហើយមូលនិធិនេះនឹងត្រូវប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ក្រុមហ៊ុននេះនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕