ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាម ហ៊ូទី នៅយេម៉ែនគំរាមវាយប្រហារបន្ថែមទៀតលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនៅសមុទ្រក្រហម

(ឌូបៃ)៖ នៅថ្ងៃពុធសប្តាហ៍នេះថា ក្រុមឧទ្ទាម ហ៊ូទី (Houthi) នៅប្រទេសយេមែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានប្រកាស ខ្លួននឹងបន្តការវាយប្រហារបន្ថែមទៀតលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅសមុទ្រក្រហម ដោយបានអះអាងថាវាជាសកម្មភាពការពារខ្លួន ខណៈដែលវាបង្កឱ្យមានការភ័យខ្លាច និងការរំខានរយៈពេលវែងដល់ពាណិជ្ជកម្មពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះ អ្នកនាំពាក្យក្រុមឧទ្ទាមខាងលើបាននិយាយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទាំងអស់ដែលចូលរួមក្នុងសកម្មភាពដែលខ្លួនបានហៅថាជា “ការឈ្លានពាន” ប្រឆាំងនឹងប្រទេសរបស់ខ្លួននោះ គឺជាគោលដៅសម្រាប់ការវាយប្រហារ។

សូមជម្រាបថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារលើក្រុមឧទ្ទាម ហ៊ូទី (Houthi) ក្នុងប្រទេសយេម៉ែន ហើយបានដាក់កងជីវពលនេះទៅក្នុងបញ្ជីក្រុមភេរវករជាថ្មីម្តងទៀតវិញ ដោយសារការបង្កភាពចលាចលរបស់ក្រុមនេះនៅតំបន់សមុទ្រក្រហមដោយការវាយប្រហារលើនាវាដឹកទំនិញដែលឆ្លងកាត់ផ្លូវទឹកនោះពាក់ព័ន្ធនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលបាននិងកំពុងរីករាលដាលពេញតំបន់។

គួរឲ្យដឹងថា​ ក្រុមឧទ្ទាម ហ៊ូទី (Houthi) ដែលគ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិងកំពុងវាយប្រហារនាវាទាំងនៅក្នុង និងជុំវិញសមុទ្រក្រហម ដោយនិយាយថា ពួកគេកំពុងធ្វើសកម្មភាពក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីនក្នុងសង្គ្រាមនៅតំបន់ ហ្គាហ្សា (Gaza)

មកទល់ពេលនេះ ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ​បាន​រាលដាល​ដល់ផ្នែក​ផ្សេងទៀត​នៃតំបន់​មជ្ឈិមបូព៌ា ដោយក្រុម ហេសបូឡា (Hezbollah) ដែល​មាន​សម្ព័ន្ធមិត្ត​ជាមួយរបស់អ៊ីរ៉ង់មានមូលដ្ឋានក្នុងប្រទេស​លីបង់​បានបើកការវាយប្រហារលើ​ទាហាន​អ៊ីស្រាអែល​នៅតាម​បណ្តោយ​ព្រំដែន ខណៈដែលក្រុម​ប្រដាប់​អាវុធនៅប្រទេស​អ៊ីរ៉ាក់ក៏​បាន​វាយ​ប្រហារ​កម្លាំង​អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ផងដែរ។

ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ក្រុមឧទ្ទាម ហ៊ូទី (Houthi) បានបញ្ជាក់ថាខ្លួនបានវាយប្រហារដោយបាញ់គ្រាប់មីស៊ីលលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក USS Gravely

ជុំវិញការប្រកាសខាងលើនេះ កាលពីយប់ថ្ងៃអង្គារ ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិកបាននិយាយថា ពួកគេបានបាញ់ទម្លាក់កាំជ្រួចប្រឆាំងនាវាមួយគ្រឿង ដែលបាញ់ចេញពីប្រទេសយេម៉ែនឆ្ពោះទៅកាន់សមុទ្រក្រហម ប៉ុន្តែមិនមានរបាយការណ៍ពីការខូចខាតនោះទេ។

ការវាយប្រហាររបស់ក្រុមឧទ្ទាម ហ៊ូទី (Houthi) ខាងលើមានគោលដៅចម្បងទៅលើនាវាកុងតឺន័រ ខណៈដែលនាវាដឹកប្រេងជាច្រើននៅតែបន្តប្រើប្រាស់ផ្លូវទឹកសម្រាប់ប្រតិបត្តិការដឹកជញ្ជូនមួយនេះដដែល។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនបានផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម ដោយបានធ្វើប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវវាងឆ្លងកាត់ឈូងសមុទ្រ Aden  វិញដែលត្រូវចំណាយពេលយូរជាង ដើម្បីជៀសវាងការរងការវាយប្រហារ។

ក្រុមឧទ្ទាម ហ៊ូទី (Houthi) និយាយថា ពួកគេនឹងបន្តប្រតិបត្តិការយោធារបស់ពួកគេ រហូតដល់បទឈប់បាញ់នៅ ហ្គាហ្សា (Gaza) កើតមានឡើង ព្រមជាមួយការអនុញ្ញាតឲ្យមានការបញ្ជូនអាហារ និងថ្នាំទៅក្នុងតំបន់នេះ ដើម្បីបន្ធូរបន្ថយវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ៕