ព័ត៌មានអន្តរជាតិ

តម្លៃប្រេង​បន្តហក់ឡើងដោយសារផលប៉ះពាល់នៃភាព​តានតឹង​កាន់​តែ​ខ្លាំង​នៅ​មជ្ឈិមបូព៌ា

(សិង្ហបុរី)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងបានបន្តឡើងថ្លៃ ក្រោយមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកងកម្លាំងសហរដ្ឋអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលនេះជាការបន្ថែមការព្រួយបារម្ភដល់សង្វាក់ផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ខណៈដែលក្រុមឧទ្ទាម ហ៊ូទី (Houthi) បានបង្កើនការវាយប្រហារលើនាវាដែលឆ្លងកាត់សមុទ្រក្រហម ដោយបានវាយប្រហារនាវាដឹកប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន Trafigura។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ក្រុមឧទ្ទាម ហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្ត និងទទួលបានការផ្គត់ផ្គង់ពីអ៊ីរ៉ង់បានបើកការវាយប្រហារលើកប៉ាល់ក្នុងតំបន់សមុទ្រក្រហមចាប់តាំងពីខែវិច្ឆិកាមក ដោយបានបង្កជាផលប៉ះពាល់ការធ្វើដំណើររបស់នាវាដឹកទំនិញនានា និងធ្វើឱ្យប្រទេសមហាអំណាចធំៗមានការព្រួយបារម្ភជុំវិញកើនឡើងកាន់តែខ្លាំងនៃភាពតានតឹងក្នុងតំបន់។

ក្រៅពីនេះ ក្រុមឧទ្ទាម ហ៊ូទី (Houthi) ក៏បានពង្រីកការវាយប្រហាររបស់ខ្លួនលើនាវាអាមេរិកផងដែរ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អាមេរិក និងអង់គ្លេស លើទីតាំងរបស់ខ្លួនក្នុងប្រទេសយេម៉ែនកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គិតមកទល់ពេលនេះ ហានិភ័យនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ាបាននិងកំពុងរីកធំឡើង ស្របពេលដែលការនាំចេញផលិតផលប្រេងរបស់រុស្ស៊ីត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះ ដោយរោងចក្រចម្រាញ់ប្រេងជាច្រើនកំពុងត្រូវបានជួសជុល បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលអ៊ុយក្រែនអះអាងថាជាប្រតិបត្តិការរបស់ខ្លួន។

ជុំវិញការវាយប្រហារនាវាដឹកប្រេងនៅសមុទ្រក្រហមដែលជាប់ទាក់ទងទៅនឹងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសខាងលើ តម្លៃប្រេងនៅលើទីផ្សារត្រូវបានមើលឃើញថាមានការឡើងថ្លៃជាបន្តបន្ទាប់។

ប្រទេសមហាអំណាចទាំងពីរបានដំឡើងតម្លៃប្រេងរបស់ខ្លួនរយៈពេលសប្តាហ៍ទីពីរជាប់ៗគ្នា ហើយបានដំឡើងនៅកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ២ខែកន្លងមកនេះកាលពីថ្ងៃសុក្រសប្តាហ៍មុន។

យោងតាមក្រុមពាណិជ្ជករ និងទិន្នន័យរបស់ London Stock Exchange Group

បានឱ្យដឹងថា ប្រទេសរុស្ស៊ីទំនងជានឹងកាត់បន្ថយការនាំចេញប្រេងប្រហែលពី ១២៧,៥០០ ទៅ ១៣៦,០០០បារ៉ែលក្នុងមួយថ្ងៃ ឬប្រហែលមួយភាគបីនៃការនាំចេញសរុបរបស់ខ្លួន បន្ទាប់ពីគ្រោះអគ្គីភ័យដោយសារការវាយប្រហាររបស់អ៊ុយក្រែនបានរំខានដល់ប្រតិបត្តិការនៅរោងចក្រចម្រាញ់ប្រេងនៅសមុទ្របាល់ទិក និងសមុទ្រខ្មៅ។

ជុំវិញការព្រួយបារម្ភនេះ នៅថ្ងៃសុក្រ ទី០១ ខែកុម្ភៈ សប្តាហ៍នេះ រដ្ឋមន្ត្រីមកពីប្រទេសស្ថិតក្នុងពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដឹកនាំដោយប្រទេសរុស្ស៊ីដែលត្រូវបានគេស្គាល់ថាជា OPEC+នឹងបើកកិច្ចប្រជុំមួយតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីពិភាក្សាលើបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពី OPEC + បាននិយាយថា OPEC + ទំនងជានឹងសម្រេចចិត្តលើផលិតកម្មប្រេងរបស់ខ្លួនសម្រាប់ខែមេសា ឫប៉ុន្មានសប្តាហ៍បន្ថែមពីលើនេះប៉ុណ្ណោះ ដោយសារកិច្ចប្រជុំខាងលើមានភាពលឿនពេកក្នុងការសម្រេចចិត្តលើគោលនយោបាយទិន្នផលសម្រាប់ពេលយូរជាងនេះទៀត៕