រដ្ឋបាលរាជធានី-ខេត្ត

វគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុង-ស្រុក

ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល សង្ឃឹមជឿជាក់ថាខេត្តកណ្តាលធ្វើបានហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន PWG បានលើកឡើង ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្ត្រផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ថ្នាក់ ក្រុងស្រុក នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្ត រដ្ឋបាលខេត្តកណ្ដាល ក្រោមការយកចិត្តទុកដាក់បំផុតពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល គឺសង្ឃឹមជឿជាក់ថាខេត្តកណ្តាលធ្វើបានហើយធ្វើបានយ៉ាងល្អ ដើម្បីសម្រេចឱ្យបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម នុត ពុធដារ៉ា បន្តថា៖ តាមគោលការណ៍ណែនាំស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រសួងអភិវឌ្ឍន៍ជនបទ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ គឺខេត្តកណ្តាល អាចសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+) ប៉ុន្តែលទ្ធផលជាផ្លូវការ គឺអាស្រ័យលើការចុះផ្ទៀងផ្ទាត់ដោយក្រុមផ្ទៀងផ្ទាត់ថ្នាក់ជាតិ។ ឯកឧត្ដម បន្ថែមថា៖ គិតមកដល់ពេលនេះខេត្តកណ្តាល បានផ្ទៀងផ្ទាត់រួច ២ដំណាក់កាលហើយ គឺ ភូមិ និងឃុំ/សង្កាត់ ដូច្នេះនៅដំណាក់កាលទី៣ គឺក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ ODF+ ក្រុង/ស្រុក ជាបន្តទៀត មុនក្រុមការងារថ្នាក់ជាតិចុះមកផ្ទៀងផ្ទាត់ខេត្ត។ហេតុដូច្នេះហើយបានជានៅថ្ងៃនេះ មានរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់ក្រុមការងារថ្នាក់ខេត្ត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះផ្ទៀងផ្ទាត់ODF+ ហើយឯកឧត្ដម សង្ឃឹម ជឿជាក់ថា ខេត្តកណ្តាលនឹងអាចឆ្លងផុតគ្រប់ដំណាក់កាលប្រកបដោយជោគជ័យជាក់ជាពុំខានឡើយ។ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖ នៅឆ្នាំ២០២២ ជាឆ្នាំជោគជ័យមួយយ៉ាងធំធេងសម្រាប់ខេត្តកណ្តាល ដែលបានទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ទាំងដែលជាខេត្តមិនមែនស្ថិតនៅក្នុងផែនការយុទ្ធ សាស្ត្ររបស់ក្រសួអភិវឌ្ឍន៍ជនបទ។ លោកស្រី ប្រធានមន្ទីរ បានឱ្យដឹងទៀតថា៖ ស្ថានភាពអនាម័យខេត្តកណ្តាលនៅឆ្នាំ២០២៣ ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ២៦៤,៥៤៥ខ្នងផ្ទះ ស្មើ ៩៨.% ហើយក្រុមការងារផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កម្រិតខ្ពស់ ថ្នាក់ឃុំ/សង្កាត់ ក្រុង/ស្រុក ក៏បានចុះផ្ទៀងផ្ទាត់ ភូមិ និងឃុំ/សង្កាត់ រួចហើយដែរ ឃើញថាបានជាប់ជា ODF+ ទាំងអស់ ហើយថ្ងៃនេះ គឺជាវគ្គតម្រង់ទិសក្រុមការងារថ្នាក់ខេត្ត ចុះផ្ទៀងផ្ទាត់ក្រុង/ស្រុកបន្តទៀត ៕