ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ សហការជាមួយកម្លាំងយោធា ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង១៩:០០នាទី ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន​ ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ​ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំងលោកវរសេនីយឯក ហ៊ុន ខែត ស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ។

កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩ ចំនួន៥នាក់ អាវុធK59=១ដើម AK=៣ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ទិត សំរស់ (នាយរងប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន៦នាក់ អាវុធAK=៤ដើម ដឹកនាំដោយលោកអនុសេនីយ៍ត្រី ភី ទូច (មេបញ្ជាការកងអនុសេនាតូច) បានចេញល្បាតតាមព្រំដែនចាប់ពីចំណុចភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចភូមិសាស្ត្រ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផល សភាពការណ៍តាមព្រំដែនក្នុង និងក្រៅភូមិសាស្ត្រមានសភាពស្ងប់ស្ងាត់ធម្មតា កម្លាំងល្បាតត្រឡប់ចូលគោលដៅវិញម៉ោង២១:២០នាទី ៕