ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ

ខេត្តកែប៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅ ការងារខែកុម្ភៈ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដែលមានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរង ប្រធានក្រុមចម្រុះនគរបាលខេត្តគ្រប់ក្រុម ប្រធានក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១១១នាក់ អញ្ជើញចូលរួមផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបស្តីពីលទ្ធផលការងារប្រចាំខែ អានដោយ នាយការិយាល័យសរុបផែនការ ស្តាប់ការផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំ អានដោយលោកឧត្តមសេនីយ៍ត្រី ប្រធានសេនាធិការនគរបាលខេត្ត និងការចូលរួមយោបល់ពីសមាជិកអង្គប្រជុំរួចមក។

លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្ត បានមានប្រសាសន៍ទៅកាន់អង្គប្រជុំ ដោយបានកោតសរសើរគាំទ្រសមិទ្ធផលការងារដែលបានរួមគ្នាសម្រេចបានកន្លងមក និងបានណែនាំពីផែនការជាក់ស្តែង សំខាន់ៗមួយចំនួនពាក់ព័ន្ធការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំឲ្យសម្រេចបានជោគជ័យ ការងារបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងគ្រឿងញៀន ការងារចរាចរសណ្តាប់ធ្នាប់ ការងារជួញដូរមនុស្ស និងការពារអនីតិជន ការគ្រប់គ្រងអាវុធជាតិផ្ទុះនិងអគ្គីភ័យ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ការប្រចាំការ ដើម្បីធានាបានម្ចាស់ការគ្រប់កាលៈទេសៈ ក្នុងការគ្រប់គ្រងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តទាំងមូល ឱ្យមានសុវត្ថិភាពគ្រប់ពេលវេលា ៕