ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅខេត្តកោះកុង

កោះកុង៖ នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅខេត្តកោះកុង។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍រាយការណ៍ជូន ឯកឧត្តមរដ្ឋលេខាធិការ ប្រតិភូអមដំណើរទាំងអស់  និងអង្គពិធីទាំងមូល អំពីទីតាំងភូមិសាស្រ្ដរបស់ប៉ុស្ដិ៍ និងលទ្ធផលនៃការត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤  ដូចតទៅ៖
I. អំពីទីតាំងភូមិសាស្រ្ត ៖ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គឺជាច្រកទ្វារផ្លូវទឹក និងផ្លូវគោក មានទីតាំងជាប់ផ្លូវជាតិលេខ៤៨ ចម្ងាយ១០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាប់ព្រំប្រទល់ជាមួយច្រកទ្វារព្រំដែនអន្តរជាតិហាតឡេក ស្ថិតក្នុងភូមិហាតឡេក ឃុំហាតឡេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។ កម្លាំងប៉ុស្តិ៍បានយកចិត្តទុកដាក់អនុវត្តទៅតាមតួនាទី ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសថ្មីៗនេះ ពាក់ព័ន្ធនឹងការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ឱ្យមានការត្រួតពិនិត្យ សម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗ ជូនពលករខ្មែរដែលធ្វើដំណើរចេញ-ចូលតាមច្រកទ្វារព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។
II.ដំណើរចូល-ចេញប្រទេសរបស់ពលរដ្ឋខ្មែរ ៖
ក.ដំណើរចូលប្រទេស៖ ប្រជាពលរដ្ឋខ្មែរធ្វើដំណើរចូលសរុបចំនួន ២២៧៧៧នាក់ ស្រី ១២៧០៥ នាក់ ដោយបាន ប្រើប្រាស់លិខិតឆ្លងដែនចំនួន ១៨២៣៤នាក់ ស្រី៩៨៨២នាក់ ក្នុងនោះពលករចំនួន ១៩០នាក់ ស្រី ៥៧នាក់ លិខិតធ្វើដំណើរពលករចំនួន ១៨៤នាក់ ស្រី ៦៩នាក់ ប្រើប្រាស់បណ្ណព្រំដែនចំនួន ៤៣៥៩នាក់ ស្រី ២៧៥៤នាក់(ពលករ) អាជ្ញាធរថៃបញ្ជូនមកចំនួន ២៩លើក សរុបមនុស្សចំនួន ៥១នាក់ ស្រី៧នាក់ក្នុងចំនួននោះត្រូវបាន អនុញ្ញាតឱ្យវិលទៅលំនៅដ្ឋានចំនួន ៥១នាក់ ស្រី ៧នាក់
ខ.ដំណើរចេញប្រទេស៖ ប្រជាពលរដ្ឋខ្មែរធ្វើដំណើរចេញ សរុបចំនួន ២៣០២៦នាក់ ស្រី ១២៦៩០ នាក់ ដោយបាន ប្រើប្រាស់លិខិតឆ្លងដែនចំនួន ១៨០៤៨នាក់ ស្រី៩៨២៧នាក់ ក្នុងនោះពលករចំនួន ១៥៧នាក់ ស្រី ៥៥នាក់ លិខិតធ្វើដំណើរពលករចំនួន ១៤៩នាក់ ស្រី ៥៦នាក់ ប្រើប្រាស់បណ្ណព្រំដែនចំនួន ៤៤៦៨នាក់ ស្រី២៨០៧នាក់ (ពលករ)។

ក្នុងនោះលោកជំទាវក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម សំរិទ្ធ ឌី  រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះមកបំពេញបេសកកម្មនៅខេត្តកោះកុង និងសូមគោរពជូនពរ ឯកឧត្តម លោក លោកស្រីគណៈប្រតិភូក្រសួងមហាផ្ទៃ ព្រមទាំងលោក លោកស្រីទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប្រគល់ជូន សូមមានសុខភាពល្អបរិបូរណ៍ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច៕