ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​ ពាក់ព័ន្ធករណី រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​បន្ទាយមានជ័យ ។ ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី​ នៅព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖​ នៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ ស្ដីពីករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ្លាមនោះលោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ឈ្មោះ សូរ៉ាថាន់ អ៊ីនថាឈូត (SORATHONINTA​CHOT) ភេទប្រុស អាយុ២២ឆ្នាំ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហម និងពណ៌ផ្កាឈូកចំនួន១២១គ្រាប់ ស្មើនឹងទម្ងន់១២,៣៦ក្រាម គ្រឿងញៀនប្រភេទម្សៅពណ៌សថ្លាចំនួន០៤កូនថង់តូច ស្មើនឹងទម្ងន់៣,៩ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ៖ តាមចម្លើយរបស់ជនសង្ស័យបានរៀបរាប់ថា កាលពី៦ថ្ងៃមុន រូបគេបានកម្មង់ទិញគ្រឿងញៀនតាមគ្រុបLINE ដោយកម្មង់ទិញគ្រឿងញៀន្រប្រភេទថ្នាំគ្រាប់ ពណ៌លឿងលាយក្រហមចំនួន១៣០គ្រាប់ ក្នុងតម្លៃ៦៥០០បាត(លុយថៃ) និងថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់ ក្នុងតម្លៃ២០០០បាត ក្រោយពីរូបគេផ្ញើប្រាក់តាមធនាគារកសិករថៃរួចមក រូបគេបានទៅយកគ្រឿងញៀនទាំងនោះនៅម្ដុំស្រះស្ទូចត្រី ដែលគេផ្លុងទុកនៅក្បែរគល់ឈើ។ បន្ទាប់មកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ រូបគេបានយកគ្រឿងញៀនទៅលក់បន្តចំនួន៩គ្រាប់ បានតម្លៃ៥០០បាត បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី រូបគេបានយកគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កូនថង់ទៅលក់ក្នុងផ្សាររាត្រីទឹកពុះតាមការកម្មង់ទិញ តែពុំទាន់បានលក់ផងស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង ៕