រដ្ឋបាលរាជធានី-ខេត្ត

មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាល ស្តីពី បើកប្រាក់ឧបត្ថម្ភកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ

ខេត្តមណ្ឌលគិរី៖  នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពីបើកប្រាក់ឧបត្ថម្ភកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមវត្តមាន លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី លោកស្រី ប្រាក់ ថាវៈភារី អគ្គនាយករងនៃមូលនិធិជំនួយសង្គម លោកជំទាវ ដួង ផន អនុប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងមានការចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរពាក់ព័ន្ឋ មេឃុំចៅសង្កាត់ ទូទាំងខេត្តប្រមាណ៧៥នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី។

លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តផ្ដោតការយកចិត្តទុកដាក់លើការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» លោក បន្តថា រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដែលធានាបាននូវប្រសិទ្ធភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និង អភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ពិសេស គឺចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោកស្រី ប្រាក់ ថាវៈភារី  អគ្គនាយករងនៃមូលនិធិជំនួយសង្គម មានប្រសាសន៍ថា ចាប់ពីខែមករា រហូត ដល់ខែមីនា ក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលនិងអនុវត្តនូវយុទ្ធសាស្រ្តចាកចេញពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយកាត់បន្ថយ ទំហំសាច់ប្រាក់ឧបត្ថម្ភ ដោយផ្អែកលើភាពប្រសើរឡើងនៃជំងឺកូវីដ១៩ ហើយនឹងជំនួសមកវិញ ដោយកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតីត្រូវបានដាក់អនុវត្តជាបន្តគាំទ្រដល់គ្រួសារដែលមានបណ្ណសមធម៌ ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបានបិទបញ្ចប់។

លោកស្រី បន្តថា មូលនិធិជាតិជំនួយសង្គម ដែលមានអាណាព្យាបាលបច្ចេកទេសគឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការយ៉ាងជិតស្និតជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងផែនការ បន្តជំរុញការផ្សព្វផ្សាយការអនុវត្ត និងការបង្កលក្ខណៈងាយស្រួលដល់កិច្ចដំណើរការកម្មវិធីជាតិ ជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

លោកស្រី អគ្គនាយករងនៃមូលនិធិជំនួយសង្គម បានស្នើដល់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរផែនការ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តមណ្ឌលគិរីទាំងអស់ ត្រូវចូលរួមអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់ ធានាបាននូវប្រសិទ្ធភាព ប្រក្រតីភាព តម្លាភាព គណនេយ្យភាព ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយនៃកម្មវិធីជាតិមួយនេះ៕