ព័ត៌មានអន្តរជាតិ

សភាកូរ៉េខាងត្បូងអនុម័តច្បាប់ហាមប្រាមការជួញដូរសាច់ឆ្កែ

(សេអ៊ូល)៖ នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤នេះ សភាប្រទេសកូរ៉េខាងត្បូង បានអនុម័តច្បាប់ហាមប្រាមការបង្កាត់ពូជ សម្លាប់ និងលក់សត្វឆ្កែសម្រាប់យកសាច់ ដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រទេសនេះ និងដែលត្រូវបានក្រុមសកម្មជនការពារសត្វបានហៅថាជា “ភាពអាម៉ាស់សម្រាប់ប្រទេស”។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA

សភាប្រទេសកូរ៉េខាងត្បូងបាន​អនុម័ត​ច្បាប់​ខាងលើនេះ​ដោយ​សំឡេង ​២០៨ ទល់នឹង ០ ហើយច្បាប់នេះនឹងចូលជាធរមានបន្ទាប់ពីរយៈពេលអនុគ្រោះ ០៣ឆ្នាំ និងបន្ទាប់ពីទទួលបានការយល់ព្រមចុងក្រោយពីប្រធានាធិបតីលោក យ៉ូន ស៊ុកយល់ (Yoon Suk-yeol)

ក្រោយច្បាប់នេះ ការបង្កាត់ពូជ លក់ និងសម្លាប់សត្វឆ្កែសម្រាប់យកសាច់ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ០៣ឆ្នាំ ឬពិន័យជាប្រាក់ ៣០លានវ៉ុន ដែលស្មើនឹង ២៣,០០០ដុល្លារអាមេរិក។

សូមជម្រាបថា សាច់ឆ្កែត្រូវបានយកទៅធ្វើជាម្ហូបដ៏ពេញនិយមក្នុងប្រទេសកូរ៉េខាងត្បូងតាំងពីយូរយារណាស់មកហើយ ដោយមានសត្វឆ្កែរហូតដល់មួយលានក្បាលត្រូវបានគេជឿថាត្រូវបានសម្លាប់សម្រាប់ការជួញដូរសាច់ជារៀងរាល់ឆ្នាំ ប៉ុន្តែការប្រើប្រាស់បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ដោយសារប្រជាជនកូរ៉េខាងត្បូងទទួលយកភាពជាម្ចាស់សត្វចិញ្ចឹម។

ពេលនេះ ការបរិភោគសាច់ឆ្កែ គឺជារឿងហាមឃាត់មួយក្នុងចំណោមប្រជាជនវ័យក្មេងរបស់កូរ៉េខាងត្បូង និងអ្នកនៅតាមទីក្រុង ហើយសម្ពាធពីក្រុមសកម្មជនការពារសត្វលើរដ្ឋាភិបាលក៏បាននិងកំពុងមានការកើនឡើង ផងដែរដើម្បីជំរុញឲ្យមានការអនុវត្តការហាមឃាត់នេះ។

គួរឲ្យដឹងថា ច្បាប់នៃការហាមប្រាមខាងលើនេះ បានជួបការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ដោយសារការគាំទ្រជាផ្លូវការរបស់ប្រធានាធបតីកូរ៉េខាងត្បូងលោក យ៉ូន ស៊ុកយល់ (Yoon Suk-yeol) ដែលជាអ្នកស្រឡាញ់សត្វ និងដែលបានចិញ្ចឹមសត្វឆ្កែ និងឆ្មាអនាថាជាច្រើន ក៏ដូចជាជំទាវទីមួយកូរ៉េខាងត្បូងលោកស្រី គីម  ខៀនហ៊ី (Kim Keon-hee) ដែលជាអ្នករិះគន់ការទទួលទានសាច់ឆ្កែយ៉ាងសកម្មផងដែរ។

ក្រុមសកម្មជនបានសម្តែងការស្វាគមន៍ចំពោះសេចក្តីព្រាងច្បាប់ខាងលើនេះ ដោយបានហៅវាថាជា “ប្រវត្តិសាស្ត្រក្នុងការបង្កើត”

លោកស្រី ជុង អាឆែ (JungAh-chae) នាយកប្រតិបត្តិនៃអង្គការ Humane Society អន្តរជាតិ និងប្រចាំប្រទេសកូរ៉េបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា “យើងបានឈានដល់ចំណុចកំពូលមួយ ដែលពលរដ្ឋកូរ៉េភាគច្រើនបដិសេធមិនបរិភោគសត្វឆ្កែ ហើយចង់ឃើញការឈឺចាប់នេះ ត្រូវបានកត់ត្រាទៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ហើយថ្ងៃនេះ អ្នកបង្កើតគោលនយោបាយរបស់យើងបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ដើម្បីធ្វើឱ្យវាក្លាយជាការពិត”

លោកស្រីបានបន្ថែមថា “ខណៈពេលដែលបេះដូងរបស់ខ្ញុំបានខ្ទេចខ្ទាំដោយសារសត្វឆ្កែរាប់លានក្បាលដែលត្រូវបានសម្លាប់ដោយសារការផ្លាស់ប្តូរនេះកើតឡើងយឺតពេល ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលកូរ៉េខាងត្បូងអាចបិទជំពូកដ៏កំសត់នេះនៅក្នុងប្រវត្តិសាស្រ្តរបស់យើង និងទទួលយកអនាគតដ៏ស្និទ្ធស្នាលជាមួយសត្វឆ្កែ”

នៅក្នុងការស្ទង់មតិថ្មីមួយស្តីការយល់ដឹងអំពីសុខុមាលភាពសត្វ ការស្រាវជ្រាវ និងការអប់រំដែលចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញដោយអ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលបានបង្ហាញថា មានមនុស្ស ៩នាក់ក្នុងចំណោម ១០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងមិនបរិភោគសាច់ឆ្កែនោះទេនៅពេលអនាគត។

គួររំលឹកថា កាលពីមុន កិច្ចខិតខំប្រឹងប្រែងក្នុងការហាមឃាត់ការបរិភោគ និងលក់សាច់ឆ្កែបានទទួលប្រតិកម្មប្រឆាំងយ៉ាងខ្លាំងពីកសិករកូរ៉េខាងត្បូងដែលចិញ្ចឹមសត្វឆ្កែ ហើយច្បាប់ថ្មីនេះបានស្វែងរកការផ្តល់សំណងដើម្បីឱ្យអាជីវកម្មទាំងនោះអាចងាកចេញពីទីផ្សារ។

យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមឆ្កែប្រហែល ១,១០០កន្លែង បានបង្កាត់ពូជសត្វឆ្កែរាប់រយរាប់ពាន់ក្បាលក្នុងមួយឆ្នាំៗ ហើយចិញ្ចឹមយកសាច់សម្រាប់បម្រើតាមភោជនីយដ្ឋាននានាទូទាំងប្រទេស។

ជាទូទៅ សាច់ឆ្កែជាអាហារឆ្ងាញ់នៅរដូវក្តៅរបស់កូរ៉េខាងត្បូងដោយគេជឿថាវាងជួយបង្កើនថាមពលដើម្បីជួយសម្រួលកំដៅក្នុងខ្លួន។

សូមបញ្ជាក់ថា សព្វថ្ងៃ កូរ៉េខាងត្បូងក៏មានច្បាប់ការពារសត្វដែលកំពុងត្រូវបានអនុវត្តផងដែរ ប៉ុន្តែច្បាប់នោះមានគោលបំណងជាចម្បងត្រឹមការពារការកាប់សម្លាប់យ៉ាងឃោរឃៅលើសត្វឆ្កែ និងឆ្មាប៉ុណ្ណោះ ប៉ុន្តែមិនហាមឃាត់ការទទួលទាននោះទេ៕