ព័ត៌មានអន្តរជាតិ

មេដឹកនាំចិនលោក ស៊ី ជីនពីង ប្តេជ្ញារារាំងរាល់ការចង់បំបែកតៃវ៉ាន់ចេញពីចិន

(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ថា លោកនឹងរារាំងនរណាម្នាក់ពីការ បំបែកតៃវ៉ាន់ចេញពីប្រទេសចិនតាមមធ្យោបាយទាំងអស់ ដោយការលើកឡើងនេះត្រូវបាន ធ្វើឡើងមុនពីរសប្តាហ៍នៃការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់កោះនេះ។

ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ដែលមានរបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួនដោយស្របតាមគោលការណ៍ “ចិនតែមួយ” ដែលទទួលស្គាល់ជាអន្តរជាតិ ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីទីក្រុងតៃប៉ិក៏ដោយ ហើយទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយដើម្បីអះអាងពីការទាមទារអធិបតេយ្យភាពរបស់ខ្លួនសម្រាប់កោះនេះ។

សូមជម្រាបថា តៃវ៉ាន់នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានៅថ្ងៃទី ១៣ ខែមករាខាងមុខ ហើយរបៀបដែលកោះនេះនឹងគ្រប់គ្រងទំនាក់ទំនងជាមួយចិននៅក្រោយការបោះឆ្នោតនេះ គឺជាចំណុចសំខាន់នៃខ្វែងគំនិតគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

នៅក្នុងសន្និសីទរំលឹកខួបលើកទី ១៣០ នៃកំណើតរបស់អតីតមេដឹកនាំចិនលោក ម៉ៅ សេទុង ដែលជាអ្នកដឹកនាំកម្ចាត់រដ្ឋាភិបាលសាធារណៈរដ្ឋចិននៅក្នុងសង្គ្រាមស៊ីវិលកាលពីឆ្នាំ ១៩៤៩ ហើយដែលបានរត់ទៅបោះទីតាំងនៅកោះតៃវ៉ាន់ លោក ស៊ី ជីនពីង បាននិយាយថា “ការបង្រួបបង្រួមជាតិមាតុភូមិពេញលេញគឺជានិន្នាការដែលមិនអាចប្រកែកបាន”

លោក ស៊ី បានបន្តថា ប្រទេសចិនត្រូវតែធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅរវាងភាគីទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍដោយសន្តិវិធីនៃទំនាក់ទំនងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និង ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការរារាំងនរណាម្នាក់ពីការបំបែកតៃវ៉ាន់ចេញពីប្រទេសចិនតាមគ្រប់មធ្យោបាយ។

យ៉ាងណាមិញ ការលើកឡើងខាងលើ​នេះ​មិន​បាន​រៀបរាប់​អំពី​ការ​ប្រើ​ប្រាស់កម្លាំង​ប្រឆាំង​នឹង​តៃវ៉ាន់នោះ​ទេ ទោះ​បី​ជា​រដ្ឋាភិបាលចិនធ្លាប់បានបញ្ជាក់ថាខ្លួននឹង​មិន​ដែល​បោះបង់​លទ្ធភាពក្នុងការធ្វើបែប​នោះ​ក៏​ដោយ។ ជាមួយគ្នានេះ របាយការណ៍ខាងលើក៏មិននិយាយអំពីការបោះឆ្នោតនៅតៃវ៉ាន់ដែលនឹងមកដល់នាពេលខាងមុខមនោះដែរ។

ប្រទេសចិននិយាយថា ការបោះឆ្នោតតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ប៉ុន្តែប្រជាជននៅលើកោះនេះប្រឈមមុខនឹងជម្រើសរវាងសង្រ្គាម និងសន្តិភាព ហើយការប៉ុនប៉ងណាមួយដើម្បីទាមទារឯករាជ្យតៃវ៉ាន់មានន័យថាជា “សង្រ្គាម”

គួរជម្រាបថា ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមកនេះ ប្រទេសចិនបានរៀបចំល្បែងសង្រ្គាមធំៗចំនួនពីរជុំនៅជុំវិញកោះតៃវ៉ាន់ ហើយបានបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំងជាប្រចាំទៅកាន់ច្រកសមុទ្រតៃវ៉ាន់។

រដ្ឋាភិបាល​ចិន​បាន​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​ថា​មេដឹកនាំ​ជួរមុខ​ដែលអាចនឹងក្លាយជា​ប្រធានាធិបតី​បន្ទាប់​របស់​តៃវ៉ាន់​គឺ​លោក ឡៃ ឈីងតេ (Lai Ching-te) មកពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែលជាបក្ស​កំពុង​កាន់អំណាច​ថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ ហើយ​បាន​ច្រានចោល​ការអំពាវនាវ​របស់លោកសម្រាប់ការរៀបចំ​ការចរចា​។

សូមបញ្ជាក់ថា ទាំងគណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) និងគណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺគណបក្ស គូមីនតាង (Kuomintang) ដែលជាប្រពៃណីចូលចិត្តបង្ហាញទំនាក់ទំនងជិតស្និទ្ធជាមួយចិននោះ បានចេញបដិសេធមិនគាំទ្រការលើកឡើងរបស់ទីក្រុងប៉េកាំងខាងលើដោយបាននិយាយថា មានតែប្រជាជននៃកោះនេះប៉ុណ្ណោះដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ៕