ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកម្មវិធីបណ្ដុះបណ្ដាលចំនួន០៤វគ្គ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកម្មវិធីបណ្ដុះបណ្ដាលចំនួន០៤វគ្គ ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយវគ្គបណ្ដុះបណ្ដាលទាំង០៤នោះ រួមមានកម្មវិធីគ្រប់គ្រងកម្រិត២ កម្មវិធីភាពជាអ្នកដឹកនាំស្រ្ដីជំនាន់ទី៥ កម្មវិធីវិក្រឹត្យការមូលដ្ឋានជំនាន់ទី៧ ឆ្នាំ២០២៣ និងវគ្គជំនាញស្ដីពីការសរសេរសំណើគម្រោង ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ​ ក្រសួងមហាផ្ទៃ។ ក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកសាលជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូបផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសាលាជាតិរដ្ឋបាល ដែលបានខិតខំរៀបចំឱ្យមានការបណ្ដុះបណ្ដាលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលទាំងនៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សសម្រាប់ស្ថាប័នសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការអភិវឌ្ឍមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ឯកឧត្តម បានបន្តថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការពង្រឹងមូលដ្ឋាននីយកម្ម ដើម្បីទប់ទល់ជាមួយឥទ្ធិពល និងផលប៉ះពាល់នៃចរន្តសកលភាវូបនីយកម្ម ការពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈម ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានបន្តថា ដោយផ្អែកលើសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ទាំងនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃបានអភិវឌ្ឍរចនាសម្ព័ន្ធ និងប្រព័ន្ធបណ្តុះបណ្តាល ធនធានមនុស្សជាបន្តបន្ទាប់។ ជាមួយនេះ ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវប្រកាសពាក់ព័ន្ធកាតព្វកិច្ចរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ។ ស្របតាមស្មារតីនៃប្រកាសនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបាននិងកំពុងរៀបចំដាក់ឲ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធមួយចំនួនទៀត តួយ៉ាង កម្មវិធីគ្រប់គ្រងកម្រិត២ និងកម្មវិធីវិក្រឹត្យការមូលដ្ឋាន ជាប្រភេទកម្មវិធីបណ្ដុះបណ្ដាលកាតព្វកិច្ច ហើយកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី និងវគ្គជំនាញស្ដីពីការសរសេរសំណើគម្រោងជាកម្មវិធីបណ្ដុះបណ្ដាលពិសេស និងជំនាញ ៕