ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសជាប្តីម្នាក់ប្រើប្រាស់កាំបិតចាក់និងអារកទៅលើប្រពន្ធបណ្តាលអោយរងរបួលធ្ងន់ នៅស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០២និង៥០នាទី​ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្ម មិនបានសម្រេច (ប្រើប្រាស់កាំបិតដែកកែឆ្នៃ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យម្នាក់ ឈ្មោះ ផៃ ហុីង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតដែកកែឆ្នៃចាក់ និងអារក ទៅលើជនងគ្រោះ អេង ធី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅជាមួយគ្នា (ត្រូវជាប្រពន្ធ) បណ្តាលឲ្យរងបួសត្រង់បំពង់ករហូរឈាម ដួលទៅនឹងដី ហើយត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមណ្ឌលសុខភាពឃុំបួរ ។

ក្រោយទទួលព័ត៌មាន ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋានស្រុកភ្នំព្រឹក ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផៃ ហុីង មកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីធ្វើការសាកសួរ ក្រោយពីសាកសួជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាព បានយកកាំបិតកែឆ្នៃដងដែកចាក់ និងអារក ទៅលើជនរងគ្រោះពិតប្រាកដមែន ។ មូលហេតុដោយសារ ប្រើប្រាស់គ្រឿងញៀន ទើបបង្កជាហិង្សាតែម្តង ។ វត្ថុតាងដកហូតបានមាន កាំបិតដែកកែឆ្នៃ ប្រវែង ៤៤សង់ទីម៉ែត្រ ចំនួន ០១ដើម ។
បច្ចុប្បន្ន​ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕