ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់កងកម្លាំងនគរបាលទាំងអស់ពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងបន្តផ្សព្វផ្សាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពតាមខ្នងផ្ទះនិងសំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ វិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២រួមមាន៖១-ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ។២-ផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រី គ្រប់ជំនាញ គ្រប់ផ្នែកពាក់ព័ន្ធរហូតទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ជាមួយនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានជម្រុញដល់កម្លាំងនគរបាលជំនាញ ។ -បានជម្រុញឱ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់នូវរាល់ការសំណូមពរ បញ្ហាប្រឈមនានាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះក្នុងសហគមន៍-ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ។ -ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។ -ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ។ – ត្រូវបន្តអនុវត្តការងារ តួនាទី ភារកិច្ចឲ្យបានល្អ ។- ព្យាយាមពង្រឹងសមត្ថភាព ចំណេះ ជំនាញ ច្បាប់បច្ចេកវិទ្យាជាដើម។ នៅតាមបន្ទាត់ចំពោះនគរបាលការពារព្រំដែនគោកត្រូវគ្រប់គ្រងសភាពការណ៍នៅតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនិងសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីព្រំដែនមានសុខសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍   ។

ដើម្បីឲ្យធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធិភាព លោកឧត្តមសេនីយ៍ទោស្នងការបានផ្សព្វ​ផ្សាយ និងដាក់ចេញនូវផែនការមួយចំនួនដល់កម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងខឿនសន្តិសុខ ជាតិ សុវត្ថិភាពសង្គម ធ្វើឲ្យដូចជាភ្លៀងរលឹមក្នុងការចុះក្តាប់សភាពការណ៍ទូទៅ ដើម្បីទ្រោលរាល់សភាពការណ៍ផ្សេងៗ កើតឡើងជាយថាហេតុនិងត្រូវត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយរាល់សភាពការណ៍កើតឡើង ៕