ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៣ ខួបលើកទី១៦០ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហម ដើម្បីបរិយាបន្នសង្គម

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីអបអរសាទរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២៣ ខួបលើកទី១៦០ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហម ដើម្បីបរិយាបន្នសង្គម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនទាំងអស់ ដែលតែងបានចូលរួមវិភាគទានយ៉ាងថ្លៃថ្លា ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត ក្រុង ស្រុក ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុក កុមារកំព្រា ជនពិការ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ៕