ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ផឹកស្រាស្រវឹងជិៈម៉ូតូទៅយកកូនបែរជាជួបរឿងមួយនេះ 

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បុរសម្នាក់ជិៈម៉ូតូធ្លាក់ចូលប្រឡាយទឹកគ្មានអ្នកណាបានដឹងនឹងជួយសង្រ្គោះបណ្តាលឲ្យស្លាប់ ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃអាទិត្យ ៦ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ លើផ្លូវក្រវ៉ាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មពួកបានឲ្យដឹងថា ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទីព្រឹក មានប្រជាពលរដ្ឋឈ្មោះ តិក តូវ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក បានរាយការណ៍ថា ៖ ពេលគាត់ជិះម៉ូតូតាមផ្លូវក្រវ៉ាត់ភូមិអន្លង់ត្រាច ខាងជើងផ្លូវទៅភ្នំព្រះចម្ងាយប្រហែល២០០ម៉ែត្រ បានប្រទះឃើញម៉ូតូ និងសពមនុស្សបានស្លាប់នៅក្នុងប្រឡាយទឹក ។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុទើបស្គាល់ថាជនរងគ្រោះឈ្មោះ​ ទូច តងភេទប្រុស អាយុ៤៤ ឆ្នាំ រស់នៅភូមិអន្លង់ត្រាច ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិះម៉ូតូមួយគ្រឿងម៉ាក់និចពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1H .6690។

​នគរបាលមូលដ្ឋានបានបញ្ជាក់ថា ៖ តាមការបំភ្លឺពីឈ្មោះ ភឿង បឿត អាយុ ៥៦ ឆ្នាំ ត្រូវជាប្រពន្ធសពបានរៀបរាប់ថា មុនពេលកើតហេតុប្ដីគាត់បានផឹកស្រាស្រវឹង បន្ទាប់មកបានជិះម៉ូតូចេញពីផ្ទះទៅយកកូននៅភូមិស្វាយ ក្រោយមកក៏លឺដំណឹងអកុសលថាប្តីគាត់គ្រោះថ្នាក់ចរាចរណ៍ខ្លួនឯងដោយជិៈម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់ ។

នគរបាលបានបញ្ជាក់ទៀតថា ៖ ជនរងគ្រោះពេលជួបគ្រោះធ្លាក់ចូលទឹកប្រឡាយគ្មានអ្នកណាបានដឹងនឹងជួយសង្រ្គោះពេលគ្រោះថ្នាក់នោះម៉ូតូបានធ្លាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់ ។ សពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារត្រួតពិនិត្យរួច ៕