ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី

បន្ទាយមានជ័យ ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ១៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដើមវិញហើយ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ៖ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡាយ ឆៃលី ភេទប្រុស អាយុ៤៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុច ស្តារហ្គោល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកបានដឹកនាំបញ្ជាឱ្យកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ខាត់ សុខម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ដែលជនសង្ស័យលួចរបស់ជនរងគ្រោះខាងលើ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ៖ ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើដែលទុកនៅមុខបន្ទប់ជួលពិតប្រាកដមែន  ៕