ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការការងារដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ: នៅរសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការការងាររបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងនគរបាលក្រោមឱវាទ។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ និងលោកមេបញ្ជាការវរសេនាតូចទាំង៤។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញដល់នគរបាលទូទាំងខេត្ត​៖-ត្រូវគោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជា ។-ត្រូវកាត់សក់ឲ្យខ្លី និងស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវរាល់ពេលបំពេញការងារ។-ត្រូវរួមគ្នាទប់ស្កាត់ បង្ការ បង្ក្រាប គ្រប់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ ។-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព និង សេវាសាធារណៈ។-ត្រូវផ្សារភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលរវាងប្រជាពលរដ្ឋនិងនគរបាល។-ត្រូវពង្រឹងការចុះអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។-ត្រូវរួមគ្នាទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ដែលមានភាពញុះញ៉ុងបង្កភាពចលាចល អសន្តិសុខសង្គម។-ត្រូវបន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនគ្រប់ទំរង់។-បង្ក្រាបរាល់បទល្មើសក្មេងទំនើង។-បន្តកៀងគបង្កើតកម្លាំងប្រជាការពារតាមមូលដ្ឋាន ដើម្បីការងារសន្តិសុខ សុវត្ថិភាពសង្គម។-ពង្រឹងការគ្រប់គ្រង និង ធ្វើបច្ចុប្បន្នភាព ការស្នាក់នៅរបស់ជនបរទេស។ -គ្រប់គ្រង រឹតបន្តឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ចុះបញ្ជី និងកោសលវិច្ច័យក្បាលគ្រាប់។-លុបបំបាត់រាល់ភាពអសកម្មរបស់កម្លាំង អប់រំមន្ត្រីឲ្យបំពេញ តួនាទី ភារៈកិច្ច ជូនពលរដ្ឋ ប្រកបដោយភាពទន់ភ្លន់ ឲ្យមានប្រសិទ្ធភាព៕