ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃអង្គារ ៩កើតខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលប្រជុំធំ អគារ ឃ សាលាខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំពាក់ព័ន្ធនានា និងស្ដាប់របាយការណ៍ស្ដីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀង ។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីឯកឧត្ដមឧត្ដមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ លោកឧត្ដមសេនីយ៍អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក លោកស្រីប្រតិភូ អគ្គលេខាធិការ អ.ជ.ប.គ.ញ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង ស្រុកទាំង៨ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន លោកអធិការ អធិការរង នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងលេខាធិការដ្ឋានត្រួតពិនិត្យគ្រឿងញៀនខេត្ត។

មានប្រសាសន៍ក្នុងឱកាសនោះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានលើកឡើងពីសភាពការណ៍គ្រឿងញៀនទាំងក្នុងតំបន់ និងសកលលោកដែលក្រុមឧក្រិដ្ឋជនមានអង្គការចាត់តាំងច្បាស់លាស់ និងប្រទាក់ក្រឡាគ្នាកែច្នៃថ្នាំញៀនជាផលិតផលជារូបផ្សេងៗទាក់ទាញមនុស្សទូទៅចាប់អារម្មណ៍ប្រើប្រាស់តាមតម្រូវការទីផ្សារគ្រឿងញៀនរបស់ពួកគេ ហើយក្នុងនោះភូមិសាស្ត្រខេត្តស្វាយរៀងឈ្មួញបានប្រើល្បិចលួចយកធ្វើជាទីតាំងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់និងធ្វើសកម្មភាពលបលួចនាំគ្រឿងញៀនពីរាជធានីខេត្តនានាឆ្លងកាត់ខេត្តស្វាយរៀង រួចបន្តឆ្លងដែនចូលទៅប្រទេសជិតខាង និងមួយចំនួនជួញដូរចែកចាយ ប្រើប្រាស់នៅតាមមូលដ្ឋានមួយចំនួនក្នុងខេត្ត។ជាការឆ្លើយតបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ថ្នាក់បានបន្តយកចិត្តទុកដាក់ម្ចាស់ការ ស្មារតីអនុវត្តនូវវិធានការទាំង៥ បានយ៉ាងខ្ជាប់ខ្ជួន និងលិខិតបទដ្ឋាននានាដែលមានជាធរមាន ជាមួយនេះខេត្តបានដាក់ចេញនូវទិសដៅការងារ៧ចំណុច ដើម្បីប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។

ក្នុងឱកាសនោះដែរ ឯកឧត្ដមឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង បានសាទរនូវកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់លទ្ធភាព​នឹងមធ្យោបាយទាំងអស់ដែលមានចូលរួមអនុវត្តនូវបទបញ្ជានិងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសសេចក្តីណែនាំលេខ០០២ ស.ណ.ន ស្តីពីគោលការណ៍ណែនាំចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅគោរពអនុវត្តនូវឆន្ទៈមុតស្រួចរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋធានាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍន៍ សង្គម ព្រមទាំងឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនពីកម្ពុជា។