ព័ត៌មានក្នុងប្រទេស

ពិធីប្រណាំងទូក ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងប្រារព្ធពិធីបិទ និងប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភី

ខេត្តស្វាយរៀង​៖​ នាព្រឹកថ្ងៃអាទិត្យ​ ៧កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ បន្ទាប់ពីដំណើរការរយៈពេញពីរថ្ងៃ ពិធីប្រណាំងទូក ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង បានបញ្ចប់ជាស្ថាពរ ដោយទទួលបានលទ្ធផលជោគជ័យល្អប្រសើរ និងប្រារព្ធពិធីបិទ និងប្រគល់ពានរង្វាន់ជូនទូកដែលទទួលបានជ័យលាភី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ប្រតិភូយោធភូមិភាគទី៧ និងកងពលលេខ៥ កងទ័ពប្រជាជនវៀតណាម ប្រតិភូខេត្តតៃនិញ និងខេត្តឡុងអាន​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត លោកប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំង លោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួម​យ៉ាងច្រើនកុះករ ។

សូមជម្រាបជូនថា ក្រោយការប្រណាំងអស់រយៈពេលពីរថ្ងៃ ក្រោមបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព និងភាតរភាព ជាលទ្ធផល ទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖  ប្រភេទទូកខ្នាតអន្តរជាតិ ក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ​ រិទ្ធីសែនមានជ័យ របស់កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ​ ស.ស.យ.កខេត្តស្វាយរៀង​ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ។ ក្នុងផែនទី២​ ​ចំណាត់ថ្នាក់លេខ១​ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ គ្រុឌមាសតេជោសែនជ័យ​ របស់កងរាជអាវុធហត្ថខេត្តសៀមរាប និងចំណាត់ថ្នាក់លេខ៣​ ទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ របស់កងរាជអាវុធហត្ថខេត្តកណ្តាល ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស​ ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ នាគខៀវមានជ័យ របស់វត្តស្លាកែតខេត្តកណ្តាល ចំណាត់ថ្នាក់លេខ២​ ទូកឈ្មោះ កូននាគឆ្លងដែន របស់វត្តស្លាកែត ខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ អធិរាជឥន្រ្ទីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ៧មករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ កំពង់ស្ពានសែនជ័យបារមីទឹកវិល របស់សាលាស្រុករមាសហែក ។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២០លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ១៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ១០លានរៀល ។ ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៥លានរៀល ចំណាត់ថ្នាក់លេខ២​ ទទួលបានថវិកា ៣លានរៀល និងចំណាត់ថ្នាក់លេខ៣​ ទទួលបានថវិកា ១លានរៀល ។ ដោយឡែក សម្រាប់ទូកដែលមិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ៕