ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋប្រទះឃើញអាវុធនិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាយការណ៍ជូនសមត្ថកិច្ច នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៥០នាទី នៅចំណុចក្រុមទី១ ភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង មានប្រជាពលរដ្ឋឈ្មោះ នាត ពិទូ មុខរបរដើររើសអេតចាយ បានប្រទះឃើញអាវុធនិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងការរ៉ុង ពេលដើររើសអេតចាយ រួចបានមករាយការណ៍ជូនសមត្ថកិច្ចផ្នែកជំនាញសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទកាំភ្លើងធុន M79 ចំនួន ០១ដើម (ខូចគុណភាព), គ្រាប់កាំភ្លើង M79 ចំនួន ១៣គ្រាប់ (គុណភាពនៅល្អ) និងបានធ្វើការប្រគល់អាវុធនិងគ្រាប់ ជូនទៅការិយាល័យនគរបាលគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីរក្សាទុក ។

ឆ្លៀតក្នុងឱកាសនោះ​ នគរបាលក្រុងបាត់ដំបង ​បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ ៕