ព័ត៌មានអន្តរជាតិ

មេដឹកនាំ ចិន និង អូស្ត្រាលី ជួបពិភាក្សាគ្នាជាលើកដំបូងក្នុងទីក្រុងប៉េកាំងក្រោយទំនាក់ទំនងជួបភាពរង្គោះរង្គើក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីទៅកាន់ប្រទេសចិននៅថ្ងៃចន្ទ ទី០៦ វិច្ឆិកា ឆ្នាំ២០២៣ដើមសប្តាហ៍នេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនតូនី អាល់បានេស (Anthony Albanese) ថា ប្រទេសទាំងពីរអាចក្លាយជា ដៃគូដែលអាចទុកចិត្តបាន នៅពេលដែលមេដឹកនាំទាំងពីរបោះជំហានដើម្បីស្តារទំនាក់ទំនងដែលជួបភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំជុំវិញបញ្ហាចាប់ពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស និងជំងឺរាតត្បាតកូវីដ-១៩។

សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់មេដឹកនាំអូស្រ្តាលីទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ២០១៦ ហើយជំនួបទល់មុខរវាងមេដឹកនាំទាំងពីរត្រូវបានរៀបចំឡើងក្នុងសាលប្រជាជន (Great Hall of the People) ក្នុងទីក្រុងប៉េកាំង និងមានរយៈពេលជាងមួយម៉ោង។

ក្នុងជំនួបខាងលើ លោក ស៊ី (Xi) បានលើកឡើងថា ប្រទេសទាំងពីរមិនមានជម្លោះផលប្រយោជន៍ជាមូលដ្ឋានទេ ហើយអាច “ក្លាយជាដៃគូដែលជឿទុកចិត្តគ្នា និងជោគជ័យទៅវិញទៅមក” ហើយលោកបានបន្ថែមថា “វិស័យសម្រាប់កិច្ចសហប្រតិបត្តិការអាចរួមបញ្ចូលអ្វីៗគ្រប់យ៉ាងចាប់ពី “សន្តិភាព និងស្ថិរភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក” រហូតដល់ “ការប្រែប្រួលអាកាសធាតុ”

ក្នុងឱកាសនោះ លោក អាល់បានីស (Albanese) ដែលបានចូលកាន់តំណែងកាលពីខែឧសភាកន្លងទៅ និងដែលផ្តល់អាទិភាពដល់ស្ថិរភាពទំនាក់ទំនងជាមួយចិនបាននិយាយថា ទំនាក់ទំនងកាន់តែរឹងមាំនឹងនាំឲ្យមាន “អត្ថប្រយោជន៍ទៅអនាគត” ហើយលោកបានធ្វើការកត់សម្គាល់ពីវឌ្ឍនភាពវិជ្ជមានដែលបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះបន្ទាប់ពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងភាគច្រើនលើទំនិញអូស្ត្រាលី។

សូមជម្រាបថា ទីក្រុងប៉េកាំងបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងកង់បេរ៉ាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយប្រទេសទាំងពីរបានកសាងទំនាក់ទំនងលើពាណិជ្ជកម្មយ៉ាងរឹងមាំ។ យ៉ាងណាមិញ ​ទំនាក់ទំនង­​បាន​ជួបភាពតានតឹង​បន្ទាប់ពីរដ្ឋាភិបាល​អូស្ត្រាលី ពិសេសក្រោមស្ថិតក្រោម​អាណត្តិដឹកនាំរបស់​នាយករដ្ឋមន្ត្រី ស្កុន ម័ររីសុន (Scott Morrison) ដែលបាន​ចោទប្រកាន់​ចិន​ថា​បាន​ជ្រៀតជ្រែក​ក្នុង​នយោបាយផ្ទៃក្នុង​របស់ខ្លួន។ ក្រៅពីនេះ ក៏មានដែរសំណុំរឿងសន្តិសុខជាតិដែលរដ្ឋាភិបាលអូស្រ្តាលីបានហាមឃាត់ផលិតផលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei របស់ចិន និងការអំពាវនាវរបស់ទីក្រុង កង់បេរ៉ា ដើម្បីឲ្យមានការស៊ើបអង្កេតជាអន្តរជាតិអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះសុទ្ធសឹងជាសំណុំរឿងដែលបានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរជួបភាពមើលមុខគ្នាមិនចំ។

ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃចន្ទ លោក អាល់បានីស (Albanese) បានទៅទស្សនាប្រាសាទសួគ៌នៃទីក្រុងប៉េកាំង ហើយថតរូបនៅរង្វង់មូល Echo Wall ជាទីដែលនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Gough Whitlam ឈរកាលពីឆ្នាំ១៩៧៣ មួយឆ្នាំបន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង។

លោក អាល់បានីស (Albanese) បានបង្ហោះរូបថតរបស់លោកក្នុងពេលទស្សនាទីតាំងខាងលើដោយបានសរសេរថា ការភ្ជាប់ទំនាក់ទំនងយ៉ាងជាប់លាប់ នៅតែសំខាន់។

ដោយឡែក លោក ស៊ី (Xi) បាននិយាយថា នៅក្នុងប្រទេសចិន យើងតែងតែនិយាយថា នៅពេលផឹកទឹក យើងមិនគួរភ្លេចអ្នកដែលបានជីកអណ្តូងនោះទេ។ ប្រជាជនចិននឹងមិនភ្លេចនាយករដ្ឋមន្រ្តី Whitlam សម្រាប់ការជីកអណ្តូងឱ្យយើងទេ

លោក អាល់បានីស (Albanese) បានពណ៌នាកិច្ចប្រជុំកាលពីថ្ងៃច័ន្ទថា វិជ្ជមាន ហើយបាននិយាយថា លោកក៏បានអញ្ជើញលោក ស៊ី (Xi) សម្រាប់ការបំពេញទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីផងដែរ។

លោក អាល់បានីស (Albanese) បានបន្ថែមថា យើងទាំងពីរនាក់ពិតជាបានយល់ស្របគ្នាថា  យើងមិនគួរត្រូវបានកំណត់ដោយភាពខុសគ្នារបស់យើងនោះទេ ទទួលស្គាល់ថាវាពិតជាបែបនេះមែន ប៉ុន្តែក៏ត្រូវទទួលស្គាល់ផលប្រយោជន៍ទៅវិញទៅមកដែលយើងមានផងដែរ