ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្វទិវាបុណ្យឯករាជ្យជាតិលើកទី៧០ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០ ( ៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា២០២៣) ក្រោមអធិបតីភាពឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត សាលាដំបូងខេត្ត អភិបាលរងខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ថ្លែងទៅកាន់សមាជិក សមាជិកា ក្នុងអង្គពិធីនាពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិដែលបានធ្វើឡើងនាពេលនេះ ក្នុងន័យសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់ ប្រទេសកម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូរណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដម នៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គជាព្រះបិតាសន្តិភាព បានបង្រួបបង្រួម និងផ្សះផ្សាជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណដ៏ភ្លឺថ្លាឈ្លាសវៃ ។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះរាជបិតាឯករាជ្យបូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពលនិងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ ឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និង អភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ៕